ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន៖ ក្នុង១ឆ្នាំគត់សម្រាប់ថ្ងៃនេះ កម្ពុជាយើងរកឃើញអ្នកឆ្លងកូវីដ-១៩ ចាប់ផ្តើមពី១នាក់ ដល់ ៤៦០នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានថ្លែងថា,ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា, ខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា, ថ្ងៃនេះជាថ្ងៃទី២៧ ខែមករា ហើយបើយើងរំលឹកឡើងវិញ យើងដឹងហើយថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង គឺជាថ្ងៃដែលយើងរកឃើញនូវអ្នកផ្ទុកជំងឺ covid-19 ដំបូងគេគឺនៅខេត្តព្រះសីហនុ គឺយើងអាចរកឃើញនៅថ្ងៃទី២៧ មករា ឆ្នាំ២០២០ ។ ដូច្នេះពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះ គឺគម្រប់មួយឆ្នាំគត់ ដែល វីរុសcovid-១៩ នេះបានវាយលុកមកលើសិរីរាង្គបុគ្គលនៅក្នុងកម្ពុជាយើង ហើយក៏បានរកឃើញអ្នកជំងឺ covid-19 នេះដល់ច្រើនលើសលប់ តាមអ្នកដំណើរ ដែលធ្វើដំណើរ ចូលមកក្នុងប្រទេសកម្ពុជារបស់យើង។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ,មកទល់នឹងថ្ងៃនេះមួយឆ្នាំ យើងឃើញថាការឆ្លងជំងឺវីរុសកូវីដ-១៩ចំនួន ១នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ប៉ុន្តែមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ យើងអាចរកឃើញអ្នកឆ្លងរហូតដល់៤៦០នាក់ នៅក្នុងចំណោម៤៦០នាក់ គឺមានចំនួន១៥៧នាក់ ជាស្ត្រី, និង៣០៣នាក់ជាបុរស ។ ដូច្នេះកំណើនពីចំនួន១នាក់ មកដល់ ៤៦០នៅថ្ងៃនេះ គឺជាចំនួនច្រើនសម្រាប់កម្ពុជារបស់យើង ក៏ចំនួននេះយើងមានការព្យាបាលជាសះស្បើយរហូតដល់៤២៣នាក់ ហើយនៅក្នុងចំណោម៤២៣នាក់ ដែលបានជាសះស្បើយនេះ ក៏មាន ១៣២នាក់ជាស្ត្រី និង ២៩១នាក់ជាបុរស ។ 

អ្នកនាំពាក្យរូបនេះបានលើកឡើងថា, កាលពីថ្ងៃម្សិលមិញនេះ មានដំណឹងល្អ គឺការជាសះស្បើយរហូតដល់ ១១ នាក់ ។ បច្ចុប្បន្ននេះយើងនៅសល់ អ្នកដែលកំពុងព្យាបាលចំនួន ៣៧នាក់ ក្នុងនោះមានចំនួន២៥ជាស្ត្រី និង១២នាក់ជាបុរស។ 

លោកស្រីបានបញ្ជាក់ថា, ជំងឺកូវីដ-១៩ បានរាតត្បាតខ្លាំងលើពិភពលោក តាមបណ្ដាប្រទេសនានា ហើយនៅកម្ពុជាយើងក៏បានរកឃើញអ្នកផ្ទុកកូវីដ-១៩ នេះជាបណ្ដើរៗ ។ ជាពិសេសបានឃើញពីបងប្អូនពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ គឺមានចំនួន ៥៦នាក់ឯណោះ ។ អ្វីដែលជាការចូលរួមទប់ស្កាត់ជំងឺ covid-19 នៅកម្ពុជាយើងទាំងអស់គ្នា គឺជារឿងសំខាន់ចាំបាច់ ដោយលោកស្រីសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមបន្តការយកចិត្តទុកដាក់ការពារខ្លួន ឲ្យបានហ្មត់ចត់ កុំប្រហែសឲ្យសោះ កុំមើលស្រាលលើលទ្ធភាពក្នុងការវាយលុកកូវីដ-១៩ ហើយយើងត្រូវគិតថាជំងឺមួយនេះបានវាយលុកលើសេរីរាង្គយើង នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះហើយទើបត្រូវមានតម្រូវការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋ បន្តការអនុវត្តនូវ វិធានការ៣ការពារ និង៣កុំ តាមការអំពាវនាវ ក៏ដូចជាការណែនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ៖ សិលា


ចែករំលែក៖