ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រចណ្ឌបានធ្វើឲ្យបុរសជាប្តីបង្កើតជាអំពើហិង្សាទាញកាំបិតផ្គាក់ដេញកាប់ប្រពន្ធ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីប្រពន្ធជាជនរងគ្រោះ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ហ៊ឹន យុន អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រីឯបុរសជាប្តីឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ។
យោងតាមការបញ្ជាក់ឱ្យដឹងពីជនរងគ្រោះជាប្រពន្ធបានរៀបរាប់ថា ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួយគាត់កាលពីវេលាម៉ោងប្រមាណ៨ព្រឹក លុះការឈ្លោះប្រកែកគ្នាកាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់។ លុះឈ្លោះគ្នាបានមួយសន្ទុះហើយកំហឹងរបស់ប្តីក្មេងមិនទាន់រលត់ក៏បានស្ទុះទៅទាញកាំបិតផ្គាក់ដងឈេីយកមកប៉ុនប៉ងកាប់សម្លាប់គាត់តែម្ដង ប៉ុន្តែគាត់បានគេចផុតតែត្រូវចំស្មារបួសស្រាល ហេីយលោកប្ដីបានចាប់ទាញគាត់ជាប់ រួចវ៉ៃជាច្រេីនដៃនិងសង្កត់ក ពេលនោះគាត់ខំរេីបម្រះទេីបរត់រួចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ។
មូលហេតុដែលកេីតជាហិង្សារហូតឈានដល់ការប៉ុនប៉ងសម្លាប់ប្រពន្ធនេះ ក៏ព្រោះតែភ្លេីងប្រចណ្ឌប្រពន្ធជាមួយអ្នកជិតខាង។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតផ្គាក់ដងឈេីមួយ ។
បច្ចុប្បន្នជនសង្ស័យខាងលេី សមត្ថកិច្ចបាននាំមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕ដោយ៖ ស សម