ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ព ជាមួយនិងស្ថាប័នអង្គភាពស៊ីវិល គឺជាមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន”

ចែករំលែក៖

ខេត្តសៀមរាប ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ព ជាមួយនិងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

ការលើកឡើងនេះរបស់ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ។

លោក ហ៊ុន ម៉ាណេត បានបន្តថា ការប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខ ទៅជាការជួយមួយផ្នែកទៅលើការធានានិរន្តរភាពរបស់អង្គភាព គឺជាកិច្ចការដែលបានគិតគូរ និងចាប់ផ្តើមសាកល្បងអនុវត្តជាយូរឆ្នាំមកហើយ និងក៏បានដំណើរការទៅមុខផងដែរ ក្រោមរូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន” ដែលជាគោលការណ៍ទិសដៅនៃការបង្វែរទិសទៅរកនិរន្តភាព និងភាពម្ចាស់ការ។ គ្រួសារទ័ពដែលមានដីបង្កបង្កើនផល គឺជាអ្នកផ្គត់ផ្គង់ទិន្នផលឱ្យក្រុមហ៊ុន ដែលជួយផ្នែកបច្ចេកទេស និងទីផ្សារដល់គ្រួសារទ័ពវិញ។ “កងកម្លាំងប្រដាប់អាវុធ គឺជាខែលនៃការការពារជាតិ” គឺពិតជាត្រឹមត្រូវ ហើយរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជួយដោះស្រាយគោលនយោបាយជាច្រើន ដើម្បីឱ្យខែលនេះមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ ដើម្បីឱ្យគ្រួសារទ័ពមានជីវភាពប្រសើរ និងពង្រឹងស្មារតីរបស់កងទ័ពឱ្យកាន់តែមានលំនឹងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ចាំបាច់ត្រូវខិតខំអនុវត្តគោលការណ៍នេះ សំដៅធ្វើយ៉ាងណាឱ្យកងទ័ព និងគ្រួសារមានលទ្ធភាពចិញ្ចឹមខ្លួនឯងដោយប្រើប្រាស់យន្តការទីផ្សារនេះ បន្ថែមលើគោលរបប និងជំនួយឧបត្ថម្ភផ្សេងៗ។

លោក មេបញ្ជាការកងទ័ពជើងគោក បានចូលរួមមតិយោបល់ ជាទិសដៅទៅមុខគឺ៖ បន្តពង្រឹងប្រព័ន្ធការងារ គណនេយ្យភាព និងប្រសិទ្ធភាពលើកិច្ចការសម្ព័ន្ធមេត្រីភាព ដើម្បីនិរន្តរភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ និងទទួលបាននូវការគាំទ្រ ការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។ បន្តផ្តល់ជាត្រីវិស័យ និងការតម្រង់ទិសដល់បណ្តាប្រតិបត្តិករពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ សំដៅពង្រឹងឱ្យបាននូវការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍ពាក់ព័ន្ធនឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅ និងឈរលើផែនការច្បាស់លាស់ទាំងចំពោះមុខ និងយុទ្ធសាស្ត្រ។ និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកិច្ចសន្ទនា រវាងភាគីទទួលជំនួយ និងភាគីអ្នកផ្តល់ជំនួយឱ្យបានគ្រប់កម្រិត ដើម្បីពង្រឹងនូវទំនុកចិត្ត និងទំនាក់ទំនងកាន់តែជិតស្និទ្ធ ៕

លោក៖ សិលា


ចែករំលែក៖