ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី បៃឌិន ជំរុញការដាក់រូបភាព​ស្ត្រីស្បែកខ្មៅលើក្រដាសប្រាក់២០ដុល្លារ

ចែករំលែក៖

គម្រោងដាក់អតីតទាសករនិងចារកម្មសង្គ្រាមស៊ីវិលដែលជាជនជាតិស្មែកខ្មៅ Harriet Tubman លើក្រដាសប្រាក់២០ ដុល្លារ ដែលត្រូវបានព្យួរនៅក្រោមរដ្ឋការអតីតប្រធានាធិបតីTrump ឥឡូវនេះនឹងត្រូវបានបង្កើនល្បឿនដោយប្រធានាធិបតី Biden ដើម្បីបោះពុម្ពក្រដាសប្រាក់ថ្មី​ ។
គម្រោងដាក់រូបភាពរបស់លោកស្រី​Harriet Tubman ជំនួសអតីតប្រធានាធិបតី Andrew Jackson ​លើក្រដាសប្រាក់​២០ ដុល្លារកំពុងតែពិភាក្សាដើម្បីពន្លឿនការបោះពុម្ព។
តាមសារព័ត៌មាន​​ABC News បានផ្សាយថា ប្រធានាធិបតី បៃឌិន​បានដំណើរការឡើងវិញនូវគម្រោង​ដាក់រូបស្ត្រីឈ្មោះ​Harriet Tubman ជាអតីតទាសករ អតីតចារកិច្ច និងជា​សកម្មជនរំដោះស្ត្រីចេញពីទាសករ​ក្នុងសម័យសង្គ្រាមស៊ីវិល អាមេរិក នៅលើក្រដាសប្រាក់​២០ ដុល្លារ ។
លេខាព័ត៌មាននៅសេតវិមានលោកស្រី​ Jen Psaki នៅថ្ងៃទី ២៧ខែមករា បានប្រកាសថា «ចំណុចសំខាន់​គឺ​ក្រដាសប្រាក់របស់យើងបានបង្ហាញពីប្រវត្តិសាស្ត្រ និងពហុជាតិសាសន៍​ ហើយរូបភាពលោកស្រី​ Harriet Tubman គឺជាការចាំបាច់បំផុតដើម្បីបង្ហាញពីបញ្ហាទាំងនោះ»។
លោកស្រីJen Psaki បានបញ្ជាក់ទៀតថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានគាំទ្រដល់គម្រោងដាក់ស្ត្រីដើមកំណើតអាហ្រ្វិកលើក្រដាសប្រាក់​២០ដុល្លារ ។ កន្លងមក គម្រោងនេះត្រូវបានផ្អាកក្រោមការដឹកនាំរបស់លោកត្រាំ ​។
នៅពេលនេះក្រសួងហិញ្ញវត្ថុ​កំពុងតែ​អនុវត្តជំហានដំបូង ដើម្បីដាក់រូបភាពរបស់លោកស្រីHarriet Tubmanនៅលើក្រដាសប្រាក់​២០ ដុល្លារ។ ជាមួយគ្នានេះដែរ​​សមាជិកព្រឹទ្ធសភាអាមេរិក លោកJoyce Beatty បានប្រកាសថា​នឹងស្នើច្បាប់ ដោយមានខ្លឹមសារថា រាល់ក្រដាសប្រាក់​២០ ដុល្លារ ដែលបានបោះពុម្ភក្រោយឆ្នាំ​២០២៤គឺត្រូវតែមានរូប​លោកស្រីHarriet Tubman។
តើលោកស្រី Harriet Tubman ជាអ្នកណា?
លោកស្រី​Harriet Tubman ជាសកម្មជនមនុស្សធម៌ ដើមកំណើតអាហ្រ្វិក​ និងជាចារនារីក្នុងសម័យសង្គ្រាមស៊ីវិលនៅអាមេរិក ។​ ឈ្មោះពិតរបស់លោកស្រីគឺ Araminta “Minty” Ross ហើយឪពុកម្តាយគឺជាទាសករស្បែកខ្មៅដូចគ្នា។
នៅឆ្នាំ១៨៤៩ លោកស្រី​Harriet Tubman បានរត់គេចចេញពីជីវិតរស់នៅជាទាសករ ហើយក្លាយជាសកម្មជននាំមុខនៅក្នុងការតស៊ូទាមទារសិទ្ធិ។ នៅឆ្នាំ១៨៦១ ក្នុងពេលសង្គ្រាមស៊ីវិលអាមេរិកឈានដល់ដំណាក់កាលតានតឹងបំផុត លោកស្រី​Harriet Tubmanបានចូលបម្រើក្នុងទាហានសហរដ្ឋ​​ក្នុងឋានៈជាចារនារី​។ លោកស្រីជាអ្នកផ្តល់ដំណឹងពីការបង្កៃមីនរបស់កម្លាំងទាហានផ្តាច់ខ្លួនភាគខាងត្បូង​ដល់ទាហានសហរដ្ឋដើម្បីបញ្ចៀសគ្រោះថ្នាក់។ លោកស្រី ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជ័យជម្នះ ដណ្តើមគ្រប់គ្រងដងទន្លេ​Cambahee នៅការ៉ូលីណាខាងត្បូង​។
ក្រោយបញ្ចប់សង្គ្រាម លោកស្រី​Harriet Tubman បានបន្តសកម្មភាពដើរគ្រប់ទិសទីក្នុងទឹកដីអាមេរិកដើម្បីថ្លែងសុន្ទរកថា គាំទ្រដល់សិទ្ធិបោះឆ្នោតរបស់ស្ត្រីអាមេរិក​៕ ដោយ៖ធី រីណា

រូបភាព៖ ABC News


ចែករំលែក៖