កម្លាំងប៉ូលិសឥណ្ឌាបានបើកការស្រាវជ្រាវ២២ករណីផ្សេងគ្នា ពាក់ព័ន្ធចេតនាបង្កអសន្តិសុខ អំពើហិង្សាសំដៅទៅលើកម្លាំងប៉ូលិស ។
កាលពីថ្ងៃទី ២៧ ខែមករា កម្លាំងប៉ូលិសទីក្រុងញូវដេលីបានចាប់ខ្លួន មនុស្ស២០០នាក់ ដោយចោទប្រកាន់ពីបទហិង្សាក្នុងពេលធ្វើបាតុកម្មត្រាក់ទ័រក្នុងថ្ងៃដែលឥណ្ឌាប្រារព្ធខួប៧២ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋឥណ្ឌា ថ្ងៃទី២៦ខែមករា។ ការធ្វើបាតុកម្មត្រាក់ទ័ររបស់កសិករកាលពីថ្ងៃទី២៦ខែមករា បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និងប៉ូលិស ៣០០នាក់រងរបួស និងទ្រព្យសម្បត្តិសាធារណៈជាច្រើនរងការបំផ្លាញ។
តាមប្រភពព័ត៌មាន គឺកម្លាំងប៉ូលិសបានបើកការស្រាវជ្រាវ២២ករណីផ្សេងគ្នា ពាក់ព័ន្ធចេតនាបង្កអសន្តិសុខ វាយប្រហារទៅលើកម្លាំងប៉ូលិស។ ក្រុមបាតុករហិង្សាបានវាយប្រហារបំបែកច្រកចូលទៅកាន់រដ្ឋធានីញូវដេលីដោយប្រើត្រាក់ទ័រ។
ក្រុមបាតុករកសិករ បានអូសរបាំងរបស់កម្លាំងប៉ូលិសដែលដាក់បិទផ្លូវចូលទីក្រុង ញូវដេលីចេញទើបអំពើហិង្សារវាងកម្លាំងប៉ូលិសនិឹងក្រុមបាតុករបានកើតឡើង។ អំពើហិង្សាបណ្តាលឲ្យមនុស្សជាច្រើនរងរបួស ភាគច្រើនជាកម្លាំងប៉ូលិស ។ ទាំងនោះហើយបានជាកម្លាំងប៉ូលិសចាប់ខ្លួនបាតុករដល់ទៅ ២០០នាក់ដែលបង្កហិង្សា។
ក្រុមបាតុករឥណ្ឌា បានចូលដល់ច្រកទ្វារចូលទីក្រុងញូវដេលីតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីធ្វើបាតុកម្ម ចាប់តាំងពីរដ្ឋាភិបាលអនុម័តច្បាប់កែទម្រង់ចំនួន៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ច្បាប់នោះបានលុបចោលឈ្មួញកណ្តាល ក្នុងការទិញផលិតផលកសិកម្មរបស់កសិករឥណ្ឌា ដោយកសិករ មានសិទ្ធិលក់ផលិតផលកសិកម្មរបស់ខ្លួនដោយផ្ទាល់ទៅលើទីផ្សារ។
ពលរដ្ឋឥណ្ឌាខ្លាចច្បាប់នេះបានធ្វើឲ្យផលិតផលកសិកម្មធ្លាក់ថ្លៃ ដោយឈ្មួញអាចទម្លាក់តម្លៃបានគ្រប់ពេលវេលា។ រដ្ឋាភិបាលបានចោទប្រកាន់ទៅលើគណបក្សប្រឆាំងជាអ្នកជំរុញឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ៕ ដោយ ៖ធី រីណា