ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួចរថយន្តមិនបានសម្រេចត្រូវម្ចាស់មកទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់កំពុងព្យាយាមធ្វើសកម្មភាពលួចរថយន្តគេដែលទុកនៅខាងមុខផ្ទះ តែមិនបានសម្រេចត្រូវម្ចាស់រថយន្តមកទាន់ក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតែម្ដង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រនៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ជ័យ ចាន់សុផល ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ឈ្មោះ ហ៊ុន គីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងខេត្តព្រៃវែង ។
ប្រភពដដែលបន្តថា នៅថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ បានជិះរថយន្តរបស់ខ្លួនម៉ាកPrius ពណ៌ស ស៊េរីឆ្នាំ ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6097 ចេញពីធ្វើការនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ត្រឡប់មកផ្ទះរបស់ខ្លួនវិញនៅឃុំវិហារហ្លួង ស្រុកពញាឮ ខណៈមកដល់ផ្ទះជនរងគ្រោះបានចតរថយន្តនៅមុខផ្ទះ រួចចូលទៅក្នុងផ្ទះបាត់ទៅ។ លុះបានមួយសន្ទុះក្រោយមក ក៏ឮសំឡេងឆ្កែព្រុស ភ្លាមនោះម្ចាស់រថយន្តបានមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចរថយន្ត ហើយជនសង្ស័យក៏បានក្រាបចុះក្បែររថយន្ត ភ្លាមនោះដែរជនរងគ្រោះបានរត់ចេញមកក្រៅផ្ទះជាមួយប្អូនប្រុសឈ្មោះ សុវណ្ណ ប្រណៃ ហើយបានស្ទុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ រួចរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍វិហារហ្លួង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍វិហារហ្លួង បានសហការជាមួយកម្លាំងផ្នែកជំនាញចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖