ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមននិងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ព្រុំ សំខាន់ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យមើលឡើងវិញរាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ដើម្បីលើកយកមកធ្វើការដោះស្រាយជូនពលរដ្ឋក្នុងមូលដ្ឋានកុំឱ្យមានការថ្នាំងថ្នាក់។
លោក ព្រុំ សំខាន់ បានបន្ថែមថា តាមរយៈការងារដែលបានណែនាំពីប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរថ្នាក់ខណ្ឌ និងសង្កាត់ត្រូវតែធ្វើការតាមដាន និងសម្រង់ឱ្យបានល្អិតល្អន់ ហើយរាល់សំណូមពរដែលនៅសេសសល់ត្រូវធ្វើរបាយការណ៍មក ដើម្បីបន្តធ្វើការដោះស្រាយជូនពួកគាត់។
លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមនបានបញ្ជាក់ថា នេះជាការសហការគ្នាក្នុងនាមអាជ្ញាធរក្នុងការដោះស្រាយជូនប្រជាពលរដ្ឋក៏ដូចជាការធ្វើឱ្យរដ្ឋបាលខណ្ឌមានភាពរីកចម្រើនឆ្លើយតបតាមតម្រូវការចង់បានរបស់ពលរដ្ឋ មិនមើលបំណាំគ្នាទៅវិញទៅមក។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានឯកភាពចំពោះការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខណ្ឌ ពាក់ព័ន្ធនឹងការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈម ពាក់ព័ន្ធនឹងភាពអសកម្មនិងការងារដែលនៅសេសសល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈកន្លងមក។
លោក ថេង សុថុល បានបន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋានដែលចុះអនុវត្តការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាធ្វើការងារនេះ ដើម្បីពង្រឹងយន្តការ ការអភិវឌ្ឍ និងការរីកចម្រើន ក៏ដូចជាការផ្តល់សេវាល្អជូនពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ។
លោកអភិបាលខណ្ឌ បានបន្ថែមថា កន្លងមក រាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ-សង្កាត់បានធ្វើការដោះស្រាយបានភាគច្រើន ស្ទើរតែទាំងស្រុង គឺនៅសល់តិចតួចប៉ុណ្ណោះ តែទោះជាយ៉ាងណាយើងនឹងបន្តធ្វើការដោះស្រាយឱ្យបានទាំងស្រុងជូនប្រជាពលរដ្ឋ។
យោងតាមរបាយកាណ៍បានឱ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌបានចុះធ្វើវេទិកាសាធារណៈបាន៥លើក ដែលមានអ្នកចូលរួមសរុប២៣៤នាក់ និងបានទទួលមតិរបស់ប្រជាពលរដ្ឋដែលបានបង្ហាញពីក្តីបារម្ភជុំវិញការកើតមានបទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ប្រឡាយ ។ល។ គ្រប់សំណូមពររបស់ប្រជាពលរដ្ឋខាងលើ ត្រូវបានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ធ្វើការដោះស្រាយស្របតាមការអនុវត្ត គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព៕ ដោយ៖ជីណា