ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម្ខាងដាច់កង់ចេញពីគ្នា និងម្ខាងទៀតដាក់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋម៉ាកហុីយ៉ាន់ដាយ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4995 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត១គ្រឿងទៀតម៉ាកហុងដាស៊េរីទំនើបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0279 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុករថយន្តម៉ាកហុីយ៉ាន់ដាយចំពីចំហៀងខាងឆ្វេងត្រង់កង់ក្រោយពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីតួរថយន្តរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំដូចគ្នា។ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ