ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចំរុះចុះបំផ្លាញឧបករណ៍ចាប់ត្រី តំបន់ក.ដប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីម្សិលមិញថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណ នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការដោយកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងសរុបប្រមាណចំនួន២២នាក់ មធ្យោបាយដោយកាណូតចំនួន១០គ្រឿង សហការចុះពិនិត្យ និងបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផល ឧបករណ៍ប្រភេទរបាំងសាច់អួនក្រឡាល្អិត ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។

 ករណីកម្លាំងសមត្ថកិច្ចសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់តំបន់កដប ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីកម្លាំងចុះការងារផ្ទាល់បានឲ្យដឹងថា លទ្ធផលៈ ទាញបំផ្លាញចោលដោយកំលាំងកាណូត នូវឧបករណ៍របាំងសាច់អួនចំនួន១៦ខ្សែ ស្មើនឹងប្រវែងចំនួន៦.០០០ម៉ែត្រ ក្បាលបរចំនួន៣គ្រឿង លូកងសាច់អួនចំនួន១៧គ្រឿង បង្គោលចំរឹងចំនួន៨៣០ដើម និងចាក់លែងត្រីចំរុះចូលបឹងធម្មជាតិ(ទន្លេសាប)ចំនួន១០៥គីឡូក្រាម  ចំពោះក្រុមជនប្រព្រឹត្តគេមិនបង្ហើបនោះទេ ៕ ដោយៈ បុឹម ពិន


ចែករំលែក៖