ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកពន្យារពេល​ហាមប្រាម វិនិយោគទៅលើក្រុមហ៊ុនចិនពាក់ព័ន្ធយោធា

ចែករំលែក៖

សារព័ត៌មានFinancial Times នៅថ្ងៃទី ២៨ខែមករា បានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចពន្យារពេល​អនុវត្តច្បាប់ហាមប្រាម ជនជាតិអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន ដែលសង្ស័យជាប់ពាក់ព័ន្ធកម្លាំងយោធាចិន។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា​ពេលវេលាដែល ក្រុមអ្នកវិនិយោគអាមេរិកត្រូវផ្អាករកស៊ីជាមួយចិន គឺត្រូវបានពន្យារពេលដល់ថ្ងៃទី​២៧ខែឧសភា ​ ហើយនឹងដកដើមទុនចេញពីក្រុមហ៊ុនចិន នៅខែវិច្ឆិកាឆ្នាំ​២០២១​។
អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីខែវិច្ឆិកាឆ្នាំ ២០២០ បានអនុម័តច្បាប់​ហាមប្រាម​វិនិយោគទៅលើក្រុមហ៊ុនចិន​ដែលមាននៅក្នុងបញ្ជីខ្មៅ ដោយអាមេរិកចោទថាក្រុមហ៊ុនទាំងនោះ បម្រើដល់វិស័យយោធារបស់ចិន ជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
តាមច្បាប់ហាមប្រាមរបស់អតីតប្រធានាធិបតីអាមេរិក គឺពលរដ្ឋអាមេរិក ត្រូវឈប់រកស៊ីជាមួយក្រុមហ៊ុនចិន ចាប់ពីថ្ងៃទី ១១ខែមករាឆ្នាំ​២០២១។ ចំណែកក្រុមហ៊ុនដែលមានដើមទុនជាមួយក្រុមហ៊ុនចិនគឺត្រូវដកចេញវិញយ៉ាងយូនៅក្នុងវិច្ឆិកាឆ្នាំ​២០២១។
តាមសារព័ត៌មាន Financial Times ការពន្យារពេល​ ខាងលើ នឹងជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន មានពេលវេលាគ្រប់គ្រាន់​ដើម្បីរៀបចំគោលនយោបាយជាថ្មី ជាមួយប្រទេសចិន ។ លោកបៃឌិននឹងប្រែក្រឡាស់ច្បាប់មួយចំនួនដែលលោកត្រាំបានអនុម័តទៅលើប្រទេសចិន​។
បញ្ជីឈ្មោះក្រុមហ៊ុនចិនស្ថិតនៅក្នុង បញ្ជីខ្មៅរបស់អាមេរិកមាន​៤៤ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនផលិតឈីប SMIC ៕

ដោយ៖ធី រីណា(រូបភាព៖Bloomberg)

ចែករំលែក៖