តាមការប្រកាសពីអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា វីរុសកូវីដ-១៩ទម្រង់ថ្មី បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពេលនេះបានឆ្លងជាង៧០ប្រទេសជុំវិញពិភពលោក ។
គិតមកដល់ពេលនេះពិភពលោកមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១០១លាននាក់ ហើយអាមេរិកនៅតែជាប្រទេសនាំមុខគេពីចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ -១៩ ។ បន្ទាប់មកគឺប្រទេសឥណ្ឌា និងប្រេស៊ីល។
ប្រទេសជាច្រើនដែលមិនមានការឆ្លងជាច្រើនខែកន្លងមក ក្នុងនោះមាននូវែលហ្សេឡង់ក៏បានរកឃើញមានករណីឆ្លងថ្មីជាលើកដំបូងដែរ ក្រោយរយៈពេលជាង២ខែ។ ជាមួយគ្នានោះប្រទេសវៀតណាមក៏ទើបតែរកឃើញអ្នកឆ្លងកូវីដថ្មីដល់ទៅ៨២នាក់ក្នុងថ្ងៃទី ២៨ខែមករាឆ្នាំ២០២១។ ជាមួយគ្នានេះ ប្រទេសជាច្រើនក៏មានករណីឆ្លងកើនឡើងគួរឲ្យបារម្ភដែរ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានបញ្ជាក់កាលពីថ្ងៃទី ២៧ខែមករាថា កូវីដ-១៩នឹងបន្តអូសបន្លាយជាយូរទៀត។ ដូច្នេះត្រូវតែមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ដោយការ
ឆ្លងគឺគ្មានព្រំដែនឡើយ។
ករណីឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះដោយសារតែ លេចចេញនូវវីរុសកូវីដ-១៩ប្រភេទថ្មីដែលមានប្រភពមកពីប្រទេសអង់គ្លេស ។ នាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnson បានព្រមានថា កូវីដ-១៩ទម្រង់ថ្មីអាចបង្កឲ្យមានអ្នកស្លាប់កាន់តែច្រើន ។ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ គោរពតាមការណែនាំ។
ការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ប៉ុន្តែអ្នកឆ្លងនៅតែកើនឡើងដដែល មិនទាន់ឃើញថយចុះនៅឡើយទេ ។ ប្រទេសជាច្រើនក៏បានពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត៕
ដោយ៖ធី រីណា
រូបភាព៖Reuters