ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ដល់ទៅ ៨២នាក់ទៀត

ចែករំលែក៖

បន្ទាប់ពីថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន…បានរកឃើញករណីឆ្លងកើនឡើងខ្ពស់មក នៅពេលនេះ ប្រទេសវៀតណាមក៏បានរកឃើញ វិជ្ជមានកូវីដ​-១៩​​ចំនួន៨២នាក់​បន្ថែមទៀតក្នុងថ្ងៃទី​២៨ខែមករា នេះ ក្នុងនោះមាន​៧២នាក់ស្ថិតនៅខេត្តហាយ យឿង (Hai Duong)។ អ្នកឆ្លងទាំងអស់គឺជាប់ពាក់ព័ន្ធនឹង អ្នកជំងឺកូវីដ​-១៩ចំនួនពីរនាក់ដែលទើបរកឃើញ គឺអ្នកជំងឺទី១.៥៥២ និងទី១.៥៥៣។
ការរកឃើញថ្មីយ៉ាងច្រើននេះបង្កក្តីបារម្ភយ៉ាងខ្លាំងពីការផ្ទុះកូវីដ-១៩ ជាថ្មីក្រោយរយៈពេល៥៥ថ្ងៃមិនមានករណីឆ្លងក្នុងសហគមន៍​។ នាយករដ្ឋមន្ត្រីង្វៀង សឹងភុក បានជំរុញឲ្យចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើទាំង៨២នាក់ មាន ៧២នាក់បម្រើការងារនៅឯក្រុមហ៊ុនអេឡិចត្រូនិក Vietnam Poyun Electronics Co., Ltd. ស្ថិតនៅក្នុងខេត្ត ហាយ យឿង (Hai Duong) និង១០នាក់ផ្សេងទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិ វ៉ាន ដូន (Van Don International Airport) ក្នុងខេត្ត ក្វាងនិញ (Quang Ninh) ដែលសុទ្ធសឹងជាខេត្តស្ថិតនៅភាគខាងជើងវៀតណាមដូចគ្នា។
ក្រសួងសុខាភិបាលវៀតណាមបានបន្ថែមទៀតថា អ្នកឆ្លងថ្មីៗទាំង ៨២នាក់នេះធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកឆ្លងកូវីដ​-១៩ចំនួន២នាក់ដែលត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃ២៨ខែមករានេះ ហើយសុទ្ធតែជាករណីឆ្លងក្នុងស្រុកលើកដំបូង។ ក្នុងចំណោមអ្នកឆ្លងគឺមាន១ករណីជាប្រភេទវីរុសទម្រង់ថ្មីមានប្រភពមកពីអង់គ្លេស​៕ ដោយ៖ធី រីណា


ចែករំលែក៖