ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់ឃ្លាំង និងម្ចាស់ផ្ទះសងខាងដែលរងគ្រោះនៃគ្រោះអគ្គិភ័យខាងលេីនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងឃ្លាំងខាងលេីមានផ្ទុកដោយក្រណាត់ ជ័រ ដែក ធុងហ្គាស និងសម្ភារៈផ្សេងៗគ្នាជាច្រេីន ។ ខណៈមុនពេលកេីតហេតុនោះគេសង្គេតឃេីញផ្សែងហុយចេញពីក្នុងឃ្លាំងមិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្នុងរង្វង់ប្រតិបត្តិការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខាងលេីនេះ គឺអាជ្ញាធរមានសមត្ថកិច្ចខណ្ឌបឹងកេងកងជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យជាច្រេីនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីងអស់ពីកម្លាំងកាយចិត្ត ។
បេីគិតត្រឹមម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃដដែល អគ្គិភ័យខាងលេីនៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ។ ចំពោះមូលហេតុក៏មិនទាន់បញ្ចាក់បានច្បាស់នៅឡេីយទេ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ។ រីឯមនុស្សក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ ៕
ដោយ៖ ភារ៉ា ដង្កោ