ឥណ្ឌាជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែឥណ្ឌាបានបង្កើនទំនាក់ទំនងនយោបាយការបរទេសវ៉ាក់សាំងកូវីដ-១៩ ដោយបានសម្រេចផ្តល់ជូនប្រទេសជាច្រើន ក្នុងនោះមានបង់ក្លាដេស បារ៉ែន ប៊ូតាន់ ម៉ាល់ឌីវ នេប៉ាល់ អាហ្វហ្គានីស្ថាន …។ នោះគឺជាចំណែកមួយក្នុងការបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។
កាលពីថ្ងៃទី ២៨ខែមករា ឆ្នាំ២០២១ ឥណ្ឌា បានបញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រាប់រយពាន់ដូសទៅកាន់ស្រីលង្កា និងបារ៉ែន ដែលជាសកម្មភាពដើម្បីបង្ហាញពីតួនាទីរបស់រដ្ឋាភិបាលទីក្រុងញូវដេលីក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងក្នុងប្រទេសនិងជុំវិញពិភពលោក។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានផ្សាយថា យន្តហោះដឹកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៥សែនដូសបានចុះចតនៅអាកាសយានដ្ឋានរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។ ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានទៅទទួលវ៉ាក់សាំងជាតំណាងពី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសនេះ ក្នុងពិធីប្រគល់ជូននៅអាកាសយានដ្ឋាន ។ នេះជាផ្នែកមួយនៃកម្មវិធី “Vaccine Maitri”របស់ឥណ្ឌា ។
វ៉ាក់សាំងដែលឥណ្ឌាផ្តល់ជូននោះមានឈ្មោះថាCovishield ជាឈ្មោះវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផលិតដោយមជ្ឈមណ្ឌល Serum នៅក្នុងប្រទេសឥណ្ឌា ។
ជាមួយគ្នានេះប្រទេសបារ៉ែនក៏ទទួលបានវ៉ាក់សាំងដំបូងគេដែលផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរ។ រដ្ឋាភិបាលទីក្រុងញូវដេលីបានផ្តល់ជូនបារ៉ែននូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១សែនដូស ។ នាយករដ្ឋមន្ត្រីបារ៉ែន លោក Bahrain Salman bin Hamad al Khalifa បានអរគុណដល់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ដែលបានផ្តល់ជូនវ៉ាក់សាំងខាងលើ៕ ដោយ៖ធី រីណា
រូបថត៖AP