តាមតួលេខដែលបានប្រកាសនៅលើគេហទំព័ររបស់ការិយាល័យស្ថិតិរុស្ស៊ី (Rosstat) បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ រុស្ស៊ីមានពលរដ្ឋសរុប 146.238.185 នាក់ ហើយបើប្រៀបធៀបនឹងតួលេខប្រកាសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គឺថយចុះដល់ទៅ510.500 នាក់។ ការថុយចុះចំនួនប្រជាជននេះបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសដែលមានទឹកដីធំជាងគេបង្អស់នេះ។
តាមតួលេខរបស់ការិយាល័យស្ថិតិរុស្ស៊ី គិតមកដល់ថ្ងៃទី១ខែមករាឆ្នាំ២០២០ រុស្ស៊ីមានពលរដ្ឋដល់ទៅ 146.748.643នាក់ ប៉ុន្តែក្នុងដំណាក់កាលដូចគ្នាឆ្នាំ២០២១ចំនួនពលរដ្ឋបែរជាធ្លាក់ចុះទៅវិញ នៅសល់តែ146.238.185នាក់។ ចំនួនពលរដ្ឋរុស្ស៊ីធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៨មក។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសនេះ ជាមូលហេតុ ធ្វើឲ្យចំនួនពលរដ្ឋធ្លាក់ចុះ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក រុស្ស៊ីបន្តរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ១៩.១០០នាក់ថ្មីធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ទៅ3.793.810 នាក់ ។
កុំថាឡើយប្រទេសរុស្ស៊ី សូម្បីប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ក៏មានចំនួនពលរដ្ឋធ្លាក់ចុះដែរនៅក្នុងឆ្នាំ២០២០ កន្លងមក ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ដូចគ្នា ។ ភាគច្រើនចំនួនពលរដ្ឋថយចុះកើតឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលមានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំង៕ ដោយ៖ធី រីណា
រូបថត៖Reuters