ខេត្តមណ្ឌលគិរី ៖ នៅក្នុងរយៈពេល៥ថ្ងៃ ក្នុងសប្ដាហ៍ទី៤ នៃខែមករា ឆ្នាំ២០២១ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានកិច្ចសហការគាំទ្រពីអង្គការ WWF បានផ្ដើមយុទ្ធនាការអប់រំ និងផ្សព្វផ្សាយចំណេះដឹងបរិស្ថានក្នុងដើមឆ្នាំ២០២១នេះ ដល់ប្រជាពលរដ្ឋមូលដ្ឋាន, សិស្សានុសិស្ស និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តស្រុកកោះញែក និងស្រុកពេជ្រាដា។
កញ្ញា អុន ចន្ធី អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះអប់រំ និងផ្សព្វផ្សាយខាងលើនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិឲ្យមាននិរន្តរភាព ជាពិសេសការផ្សព្វផ្សាយនេះក៏បានរៀបចំចាក់បញ្ចាំងជាខ្សែអាត់វីដេអូខ្នាតតូចនាពេលព្រលប់ និងរៀបចំចាក់ផ្សាយជាខ្សែអាត់សំឡេងអប់រំតាមរយៈឧក្ឃោសនស័ព្ទនៅលើយានយន្តតាមបណ្ដាទីប្រជុំជន និងក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលឋិតក្នុងភូមិសាស្រ្តឃុំមេម៉ង់, ឃុំចុងផ្លាស់, ឃុំពូជ្រៃ, ឃុំក្រង់តេះ, ឃុំអរបួនលើ, ឃុំសុខសាន្ត, ឃុំស្រែហ៊ុយ, ឃុំណងឃីឡឹក និងឃុំរយ៉ នៃស្រុកកោះញែក និងស្រុកពេជ្រាដា។
បើតាមកញ្ញា អុន ចន្ធី បានបញ្ជាក់បន្ថែមថា ទាំងក្នុងខ្សែអាត់សំឡេង និងការចាក់បញ្ចាំងជាវីដេអូ បានបង្ហាញពីអត្ថប្រយោជន៍ព្រៃឈើ សត្វព្រៃ ប្រភេទសត្វព្រៃដែលកំពុងរងគ្រោះ និងជិតផុតពូជ និងកត្តាគំរាមកំហែងទៅលើជីវៈចម្រុះគ្រប់ប្រភេទ។
កញ្ញា អុន ចន្ធី និងមន្រ្តីឧទ្យានុរក្ស បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃឲ្យបានគង់វង្ស តាមរយៈការចូលរួមនូវវិធានការណែនាំ ជាពិសេសការបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទដើម្បីទាក់ចាប់សត្វព្រៃខុសច្បាប់៕
ដោយ៖សូ រិយា