ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជនរងគ្រោះ២នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយបានលេបត្របាក់ឃ្លាំងស្តុកទំនិញមួយអស់ទាំងស្រុង និងបន្តឆាបឆេះផ្ទះអស់៣ល្វែងទៀតបង្កការភ្ញាក់ផ្អើលតាំងពីវេលាម៉ោង១២:៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយ រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះភ្លើងនៅមិនទាន់រលត់អស់ និងយកសពចេញមកខាងក្រៅបាននៅឡើយទេ។

   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីឃ្លាំងស្តុកអីវ៉ាន់នាំចូលពីក្រៅប្រទេស ហើយភ្លាមៗនោះស្រាប់តែមានផ្សែងនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ឃើញបែបនេះប្រជាពលរដ្ធនៅជិតទីតាំងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្កិភ័យជាច្រើងបំពង់ទៅបាញ់ពន្លត់តែមិនរលត់នោះទេ។ដោយសារស្ថានភាពអណ្តាតភ្លើងកាន់តែឆេះខ្លាំងឡើងប្រជាពលរដ្ឋក៏បានទាក់ទងទៅកម្លាំងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍។

   ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ធបានរាយការណ៍ថាមានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌបានចុះមកដល់ទីតាំងកើតហេតុហើយបានរាយការណ៍បន្តទៅការិយាល័យបង្ការនិងពន្លត់អគ្គិភ័យដើម្បីសុំកិច្ចអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ប៉ុន្តែដោយស្ថានភាពភ្លើងឆេះខ្លាំងពេក ទើបអូសបន្លាយតាំងពីម៉ោង១២ និង៤០នាទីរំលងអធ្រាត្ររហូតមកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមករាហើយនៅតែមិនទាន់រលត់ទៀត ហើយសពក៏មិនទាន់យកចេញបានដែរព្រោះស្ថានភាពក្តៅខ្លាំងពេក។

   កម្លាំងសមត្ថកិច្ចបង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញបានឱ្យដឹងបន្ថែមថា ក្នុងប្រតិបត្តិការនេះ មានរថយន្តពន្លត់អគ្គិភ័យសរុបប្រហែល៧០គ្រឿងហើយ ព្រមទាំងគ្រឿងចក្រចំនួន២គ្រឿងទៀត សម្រាប់កាយបន្ថែមក្នុងការធ្វើអន្តរាគមន៍៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖