អន្តរជាតិ៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ សារព័ត៌មានCNA បានចុះផ្សាយថា ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លង COVID-19 ចំនួន ០៩ករណីថ្មីបន្ថែមទៀត ដែលជាការផ្ទុះឡើងជាលើកដំបូងឡើងវិញ របស់ប្រទេសអាស៊ានមួយនេះដែលមិនធ្លាប់មានអស់រយៈពេលជិត ២ខែ មិនតែប៉ុណ្ណោះ ករណីនេះបានឆ្លងរាលដាលដល់ទីក្រុងហាណូយផងដែរ។
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០១ករណីត្រូវបានរកឃើញនៅទីក្រុងហាណូយខណៈដែល ០៨ករណីទៀតត្រូវបានរកឃើញនៅជិតទីក្រុង ហៃហ្វុង (Haiphong), ខេត្តហៃឌុង (Hai Duong), ក្វាងនិញ (Quang Ninh), និង បាក់ និញ (Bac Ninh) ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុងការផ្ទុះឡើង ដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះកើនឡើងដល់ ៩៣ករណី។
សូមជម្រាបថា បេីគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៦៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៤៣០នាក់។ រដ្ឋាភិបាលវៀតណាមកំពុងណែនាំឲ្យស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់ខេត្តក្រុងបង្កើនការត្រួតពិនិត្យ និងធ្វើតេស្តលើករណីសង្ស័យ ឲ្យបានតឹងរ៉ឹងបំផុត ជាពិសេសខេត្តដែលកំពុងកើតមាន ករណីឆ្លងថ្មីៗនេះតែម្តង។
គួរបញ្ជាក់ថា វៀតណាមបានទប់ស្កាត់រលកទីមួយ នៃការឆ្លងរាតត្បាតCOVID-19 បានសម្រេចកាលពីខែមេសា ឆ្នាំ២០២០ ហើយមិនមានករណីឆ្លងក្នុងស្រុកជិត ១០០ថ្ងៃ រហូតទាល់តែវាបានលេចឡើងជាថ្មីនៅទីក្រុងដាណាង (Da Nang) កាលពីខែកក្កដា។ បន្ទាប់មកទៀតករណីឆ្លងក្នុងស្រុកមួយចំនួនទៀត ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីដើមខែធ្នូ ហើយមកទល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទើបលេចឡើងសាជាថ្មីថែមទៀត៕
ដោយ៖ស តារា