ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនបុគ្គលិកកាស៊ីណូ ជនជាតិថៃ១៥នាក់ ដែលវង្វេងផ្លូវជិះរថយន្តចូលកម្ពុជានៅតំបន់ព្រំដែនសំឡូត ខេត្តបាត់ដំបង ។ ប្រតិបត្តិការនេះ បានធ្វើឡើង នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រភពពីមន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំង ក្រុមអន្តរាគមន៍វេនទី១ នៃអធិការដ្ឋាននគរបាល ស្រុកសំឡូតបានឃាត់ខ្លួនបុគ្គលិកកាស៊ីណូជាជនជាតិ ថៃ ប្រុស ស្រី ចំនួន១៥នាក់ នៅពេល ដែលពួកគេបានជិះរថយន្តពីរគ្រឿង ហើយបានវង្វេងផ្លូវចូលទឹកដីកម្ពុជា តាមច្រកប៉ោយប៉ែតចូលដល់ស្រុកសំឡូត រួមជាមួយអ្នកបើកបររថយន្តជាជនជាតិខ្មែរ២នាក់ ផ្សេងទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិថៃទាំង១៥នាក់នេះ ជាបុគ្គលិកកាស៊ីណូ មួយនៅប៉ោយប៉ែត ហើយពួកគេទំនង ត្រូវបានជម្លៀសបន្តទៅធ្វើការនៅកាស៊ីណូនៅថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏វង្វេងផ្លូវ ទើបសមត្ថកិច្ចសួរនាំរួចថ្នាក់លើឲ្យឃាត់ខ្លួនតែម្តង ។
ជនជាតិថៃ ដែលត្រូវឃាត់ខ្លួនទាំង១៥នាក់ ក្នុងនោះ មានស្រី១១នាក់ ដែលពួកគេមកពីខេត្តឈាងរ៉ៃចំនួន១៣នាក់ ខេត្តឈាងម៉ៃ ចំនួន១នាក់ និងក្រុង បាងកក ចំនួន១នាក់ ។ ដោយឡែកអ្នកបើកបរ ជាជនជាតិខ្មែរ ចំនួន២នាក់ មានៈ ១. ឈ្មោះ គឹម ឡៃ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និង២. ឈ្មោះ ហេង អាត ភេទប្រុស អាយុ៤០ឆ្នាំ នៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជាមួយនេះ ព្រមទាំង ដកហូត រថយន្ត តូយ៉ូតាម៉ាក ស្តា រិច ចំនួន ២ គ្រឿង ។
ក្រោយពី ឃាត់ខ្លួន ជនជាតិ ថៃ ប្រុស ស្រី ទាំង ១៥ នាក់នេះរួចមក ត្រូវបាន សមត្ថកិច្ច បញ្ជូន ទៅកាន់ផ្នែកនគរបាល អន្តោប្រវេសន៍ ប្រចាំ ច្រក អន្តរជាតិ ដូង ស្រុក កំរៀងដើម្បី ចាត់ការបន្តតាម នីតិវិធី ៕
ដោយ៖ ប្រាថ្នា