ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ÷ រឿង ពស់លេបមន្ត្រីធំ

ចែករំលែក៖

 តាមសេចក្ដីដំណាលថា កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកម្សត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេងដោយបានរកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ វាចេះស្ដាប់ ចេះនិយាយភាសាមនុស្សផង។ ដោយសារវាស្ដាប់ វានិយាយជាមួយម្ចាស់វារាល់ថ្ងៃ ខែ ដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើន មានប្រពន្ធហើយមានកូនបីនាក់ផង ។

ចំណេរយូរមក ពស់នោះកាន់តែធាត់ធំឡើង គ្មានកន្លែងដេកនៅផង គ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផង ថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេក ចេះតែបង្ខំបុរសម្ចាស់ពស់ឲ្យយកពស់ទៅលែងក្នុងព្រៃ ។ បុរសម្ចាស់ពស់ទ្រាំមិនបាន ក៏កាត់ចិត្តអង្វរពស់កុំឲ្យខឹងសម្បារ ទើបបណ្ដើរពស់យកទៅលែងក្នុងព្រៃធំប្រាប់ថា << ចូរសំឡាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះ បើឯងរលឹកអញ កុំបាច់ទៅរកអញឯស្រុកភូមិ ក្រែងអ្នកស្រុកគេភិតភ័យព្រួតវាយឯងស្លាប់ទៅ យូរៗចាំអញមករកលេងនឹងឯង បើឯងឮមាត់អញស្រែកហៅ ត្រូវឯងលូនមករកអញកុំខាន >> ។ ពស់ឮដូច្នោះ ក៏នឹកអាឡោះអាល័យម្ចាស់ណាស់ ឆ្លើយទាំងអួលអាក់ថា << អើសំឡាញ់ ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសំឡាញ់ឯង ចូរសំឡាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះ យូរៗមកលេងនឹងអញម្ដងកុំខាន >> ។ បុរសនឹងពស់លាគ្នាស្រេចហើយ ក៏បែកគ្នាទៅ ។

ចំណែកពស់នៅក្នុងព្រៃនោះយូរៗទៅ រកចាប់សត្វអ្វីស៊ីមិនបាន ព្រោះសត្វឯទៀតវាខ្លាចពស់ស៊ី វារត់គេចចេញពីព្រៃនោះបាត់អស់ទៅ ។ ពស់ធំមានសេចក្ដីអត់ឃ្លានជាខ្លាំង ទ្រាំមិនបាន ពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិជិតព្រៃចាប់ឆ្កែ ឆ្មា មាន់ ទា ជ្រូក របស់អ្នកស្រុកស៊ីរាល់តែយប់ ។ ក្រោយមកអ្នកស្រុកដឹងថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ី ក៏ភិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ ប៉ុន្តែដល់ឃើញពស់ធំពេកលូនមកក៏ស្លុតស្លន់ទាំងអស់គ្នា រត់យកតែអាយុជីវិតរៀងខ្លួន ។ ឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយៗ ។

ថ្ងៃមួយ ពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀត ទើបបបួលគ្នាចូលទៅជំរាបលោកមន្រ្តីធំក្នុងនគរឲ្យលោកជួយសម្លាប់ពស់ ។ លោកមន្រ្តីនោះ នាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសព្វគ្រប់តាមពាក្យអ្នកស្រុក ។ ព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងទូងភេរីស្រែកប្រកាសរកអ្នកខ្លាំងពូកែហ៊ានទៅសម្លាប់ពស់នោះបាន នឹងឲ្យរង្វាន់ជាច្រើនហើយឲ្យជាមន្រ្តីធំផង។

បុរសកំសត់ឮព្រះរាជប្រកាសដូច្នោះ ក៏គិតថា << អញសព្វថ្ងៃនេះ ទ័លក្រណាស់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ពេលនេះគួរតែអញទៅសម្លាប់ពស់ជាសំឡាញ់ យកប្រាក់យកយសសក្តិ >> គិតដាច់ស្រេចហើយ ក៏កាន់កាំបិតចែតមួយដើរទៅរករាជអាមាត្យជំរាបថា ខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាស ។ អាមាត្យក៏កត់ត្រាឈ្មោះនឹងទីលំនៅរបស់បុរសនោះទុកជាសំគាល់ រួចបើកឲ្យទៅសម្លាប់ពស់ ។

បុរសទុគ៌ត ដើរសំដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯង ឥតហៅអ្នកណាឲ្យជូនទៅផងទេ ព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់ លុះដល់កន្លែងដែលខ្លួនលែងពស់ក៏ឈប់ឈរហើយស្រែកហៅថា << អើពស់សំឡាញ់ ! អញនឹករលឹកឯងណាស់ ចូរឯងមកជួបនឹងអញពេលនេះឲ្យឆាប់ៗ >> ។

ពស់ឮសំឡេងបុរស ក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើម ទើបលូនចូលមកមើលឃើញស្គាល់ច្បាស់ជាម្ចាស់មែនហើយ ត្រេកអរណាស់ ដោយនឹករលឹកជារឿយៗ ចូលមកដល់ជិតខ្លួនធ្វើអាការស្និទ្ធស្នាលប្រឡូកប្រឡែងដូចកាលធ្លាប់នៅជាមួយម្ចាស់ ហើយសួរសុខទុក្ខម្ចាស់សព្វគ្រប់ប្រការ ។

បុរសកម្សត់ ឃើញកិរិយាពស់ដូច្នោះ ក៏ស្លុតចិត្តអាណិតអាសូរណាស់ទន់ដៃលើកកាំបិតមិនរួច គិតថា << ឱ ! សត្វតិរច្ឆាន ចិត្តត្រង់ណាស់តើ បែកមកជិត ១០ ឆ្នាំហើយ នៅតែចាំចិត្តដដែល ឥតប្រែប្រួលសោះ ប្លែកតែអញ បែរជាចិត្តអាក្រក់គិតសម្លាប់វាទៅវិញ >> ។ បុរសសួរសុខទុក្ខពស់សព្វគ្រប់ហើយ ក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំឃូៗ ។

ពស់ឃើញអាការម្ចាស់ប្លែកដូច្នោះ នឹកសង្ស័យសួរថា << លោកម្ចាស់មកនេះតើ ដោយមានទុក្ខធុរៈអ្វី ចូរប្រាប់ខ្ញុំឲ្យត្រង់ ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះ ។ បុរសអាណិតពស់ណាស់ ទ្រាំមិនបានប្រាប់តាមពិតត្រង់ថា << លាក់បាំងអី សំឡាញ់ ! អញមកនេះប្រុងនឹងសម្លាប់ឯង ព្រោះឯងទៅខាំសត្វរបស់អ្នកស្រុកស៊ីរាល់យប់ គេខឹងទៅទូលហ្លួងៗប្រើអញឲ្យមកសម្លាប់ឯង ហើយនឹងប្រទានរង្វាន់អញជាច្រើន នឹងឲ្យធ្វើជានាម៉ឺនធំផង អញចង់បានប្រាក់ ចង់ធ្វើធំ បានជាធានាមកសម្លាប់ឯង >> បុរសនិយាយប្រាប់ពស់បណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ ។

សូម្បីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះ ក៏គ្មានអាក់អន់ចិត្តនឹងម្ចាស់សោះ ត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំងគិតថា << ឱហ្ន ! សេចក្ដីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្តសំឡាញ់ ប្ដី, ប្រពន្ធ នឹងកូនបានជាប្រាកដ បើដូច្នេះ ពេលនេះគួរតែអញជួយសង្រ្គោះម្ចាស់អញចុះ >> ទើបប្រាប់ម្ចាស់ថា << មិនអីទេ ខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដូចបំណង ម្ចាស់មិនបាច់សម្លាប់ខ្ញុំទេ ប៉ុន្តែ ត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសម្លាប់ខ្ញុំស្លាប់ទៅហើយ ឲ្យស្ដេចប្រទានរង្វាន់នឹងយសស័ក្តិចុះ ព្រោះខ្ញុំលែងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយ ទុកដូចជាខ្ញុំស្លាប់ដែរ

សូមម្ចាស់ត្រឡប់ទៅវិញចុះ បើមានធុរៈអ្វីទៀតសូមមករកខ្ញុំៗនឹងជួយទៀត >> ។

(អស់លោកអ្នកអាន ! ដល់ត្រង់សម្តីពស់នេះ អស់លោកយល់ដូចម្ដេច ចំពោះចិត្តសត្វនឹងចិត្តមនុស្ស តើវាផ្ទុយគ្នាយ៉ាងណា ? លោកអ្នកប្រាជ្ញបានទូន្មានថា យើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពាល ដ្បិតសត្វសាហាវបើចិត្តវាត្រង់ៗរហូតដល់ស្លាប់ បើចិត្តវាវៀចខាំសម្លាប់យើងភ្លាម, ចំណែកចិត្តមនុស្សពាលមិនត្រង់ទេ ក្រឡិចក្រឡុចណាស់ ថ្ងៃខ្លះចិត្តល្អ ថ្ងៃខ្លះចិត្តអាក្រក់ ធ្វើឲ្យយើងទុកចិត្តខ្លះ មិនឲ្យទុកចិត្តខ្លះ ចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃ ) ។

បុរសកម្សត់ឮសំដីពស់ ត្រេកអរណាស់ ឆ្លើយថា << អើបើឯងអាណិតជួយអញយ៉ាងនេះ អញនឹងដឹងគុណឯងទៅមុខឥតភ្លេចទេ >> ថារួចលាពស់ចូលទៅស្រុកជំរាបអាមាត្យថា ខ្លួនបានសម្លាប់ពស់នោះហើយ ។ អាមាត្យយកសេចក្ដីក្រាបទូលស្ដេចៗទ្រង់ប្រោសព្រះរាជទាន មាសប្រាក់ជាច្រើន ហើយឲ្យធ្វើជាសេនាបតីផង ។ លោកសេនាបតីនេះ ល្បីឈ្មោះថាជាអ្នកខ្លាំងពូកែ គ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេ នៅជាសុខសប្បាយរៀងមក ។

កន្លងមកប្រហែលប្រាំឆ្នាំ ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គប្រឈួនថ្លើម កម្រមើលឲ្យសះជាណាស់ បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយ ទើបសះជា >> ។

ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះ ក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពស់ពីមុនឲ្យចូលគាល់ហើយ ត្រង់ត្រាស់ថា << បើអ្នកទៅរកថ្លើមនាគឲ្យយើងបាន យើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនា >> ។

លោកសេនាបតីនោះក្រាបទូលថា សូមទទួលតាមបន្ទាល់ ទើបក្រាបថ្វាយបង្គំលាមកផ្ទះ ដល់ហើយប្រាប់ប្រពន្ធថា << ព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេច ត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹម >> ប្រាប់រួចចូលដេកទៅ ។ បុរសព្រួយចិត្តពេកដេកមិនលក់សោះ គិតថា << ឱអញអើយ ! មុខជាស្លាប់ហើយគ្រានេះ មិនដឹងទៅសម្លាប់នាគឯណាបានទេ ប៉ុន្តែ ណ្ហើយចុះ ពស់ជាសម្លាញ់អញនោះវាធំណាស់ដែរ ខ្លួនប៉ុនដើមត្នោតទៅហើយ គេហៅថានាគ គួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេច ឲ្យតែបានរួចជីវិតអញ >> គិតយល់យ៉ាងនេះហើយដេកទៅ, ព្រឹកឡើង ចេញពីផ្ទះទៅទាំងព្រហាមស្ងាត់តែម្នាក់ឯង មិនឲ្យអ្នកណាឃើញ ទៅដល់ទីព្រៃដែលពស់នៅ ក៏ស្រែកហៅដូចមុន ។ ពស់ឮលូនមករកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការ ។

លោកសេនាបតីគិតថា << អញមិនហ៊ានសម្លាប់ពស់នេះទេ ព្រោះវាធំណាស់មុខជាអញមិនឈ្នះវាទេ វាលេបអញទាំងរស់ឥឡូវនេះក៏បាន ដូច្នេះគួរតែអញនិយាយសុំថ្លើមវាតាមត្រង់ទៅចុះ ក្រែងជួនជាវាអាណិត >> រួចនិយាយប្រាប់ពស់អំពីរឿងស្ដេចប្រឈួន ប្រើឲ្យមករកថ្លើមពស់យកទៅធ្វើថ្នាំ ហើយអង្វរពស់ថា << សូមសម្លាញ់អាណិតជួយអញម្ដងទៀតចុះ បើឯងមិនជួយទេ មុខជាអញស្លាប់មិនខាន ឲ្យអញសុំថ្លើមឯងបន្តិច >> ។ ពស់ឆ្លើយថា << ម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លើមបន្តិចចុះ កុំកាត់ធំពេក ក្រែងខ្ញុំឈឺស្លាប់ ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូច ខ្ញុំសូមតបគុណម្ចាស់ពេលនេះ >> ថារួចហាមាត់ចង្រ្គុង ។ លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបានបន្តិចចេញមកវិញភ្លាម ។

(អស់លោកអ្នកអាន ជ្រាបចិត្តពស់យ៉ាងណា នៅគ្រាដែលពស់ហារមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួន ជាពស់ខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វី ?) ។

លោកសេនាបតីបានថ្លើមពស់យកទៅថ្វាយស្ដេចទូលថា ថ្លើមនាគគ្រូពេទ្យយកថ្លើមពស់នោះផ្សំថ្នាំថ្វាយស្ដេចសោយសះជា ព្រះរោគមួយរំពេចទៅ ទើបត្រង់លោកសេនាបតីនោះឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញកេរ្តិ៍ឈ្មោះថា ជាអ្នកមានឫទ្ធីខ្លាំងពូកែណាស់ ហ៊ានទៅសម្លាប់នាគយកថ្លើមបាន អ្នកនគរខ្លបខ្លាចគ្រប់គ្នា ។ ឯលោកសេនាបតីក៏ខំបិទបាំងរឿងពស់ជាសំឡាញ់ខ្លួននោះ មិនឲ្យលេចឮសោះឡើយ ។

លំដាប់ពីនោះមក ព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តក្នុងសិរីរាជសម្បត្តិបានប្រមាណ ២ ឆ្នាំ ព្រះរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើម ។ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គទ្រង់ប្រឈួនព្រះរោគដដែល ព្រះរោគចាស់នោះរើឡើងវិញ ព្រោះកាលនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេក មិនល្មមនឹងកំឡាំងព្រះរោគ បើបានថ្លើមនាគច្រើនជាងមុនមកទៀត ទើបព្រះរោគជាដាច់ជ្រះស្រឡះលែងរើឡើងវិញ >> ។

ព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាថា << បើលោកទៅរកថ្លើមនាគឲ្យបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀត ខ្ញុំនឹងតាំងលោកឲ្យធ្វើជាមហាឧបរាជ >> ។

គ្រានោះ លោកអគ្គមហាសេនាឮព្រះរាជឱង្ការភ្លាម ក៏កើតលោភចេតនាខ្លាំងក្លាធំធាត់លើសដើមគិតថា << មុនដំបូង អញទ័លក្រណាស់ បានឆ្អែតព្រឹកខ្វះល្ងាច ឥឡូវអញមានធនធានចាយវាយមិនអស់ ទាំងយសស័ក្តិក៏ធំដាច់គេទៀត បើអញបានធ្វើជាមហាឧបរាជហើយ មិនយូរទេ មុខជាអញបានធ្វើព្រះមហាក្សត្រមិនខាន បើដូច្នេះ ត្រូវតែអញទៅសុំថ្លើមពស់សំឡាញ់អញម្ដងទៀតយកមកថ្វាយស្ដេច >> គិតឃើញយ៉ាងនេះហើយ ក៏ទទួលយកអាសារតាមព្រះរាជឱង្ការ ក្រាបថ្វាយបង្គំលាចេញទៅ ។

នៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះ បានថ្លែងប្រាប់ពស់សព្វគ្រប់តាមព្រះរាជតម្រាស់ហើយ អង្វរពស់សុំថ្លើមបន្តិចទៀត ។ ពស់នឹករលឹកឃើញឧបការគុណរបស់ម្ចាស់ កាលចិញ្ចឹមរក្សាពីតូច ក៏ឆ្លើយថា << សូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះ កុំអារយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់ >> ។

លោកអគ្គមហាសេនាត្រេកអរណាស់ នឹកសង្ឃឹមញញឹមក្នុងចិត្តថា អញមុខជាបានធ្វើមហាឧបរាជមិនខានឡើយ ទើបកាន់កាំបិតស្លាកោរលូនចូលទៅអារថ្លើមពស់ បំណងអារឲ្យបានធំច្រើន បើទុកជាពស់ឈឺដល់ស្លាប់ ក៏ស្លាប់ទៅចុះ គ្មានចិត្តអាណិតអាសូរពស់បន្តិចសោះ ។ នៅពេលដែលលោកអគ្គមហាសេនាកំពុងតែអារថ្លើមនោះ ពស់ឈឺខ្លាំងណាស់ ខំអត់សង្កត់ទាល់តែស្រក់ទឹកភ្នែក រហូតដល់ភ្លេចនឹកថាម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួន កំពុងតែអារថ្លើម ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងមាំ ដើម្បីខំទប់ទល់នឹងការឈឺចាប់ក្នុងថ្លើម មិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះ ។

មួយស្របក់ក្រោយមក ទើបពស់ភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួន ក៏រើខ្ជាក់មកក្រៅ នឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ដោយគ្មានចេតនាប៉ុនប៉ងសម្លាប់ម្ចាស់សោះ ប្រុងតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជ ។ កន្លងពីនោះមកបានពីរថ្ងៃ ពស់ក្ស័យជីវិតទៅដែរ ដោយសារជំងឺដាច់ថ្លើមពាក់កណ្ដាល ។

ដល់មកទីបញ្ចប់រឿង លោកអគ្គមហាសេនាក៏ស្លាប់ ពស់ធំក៏ស្លាប់ ។ ត្រង់នេះ អស់លោកអ្នកអានសន្និដ្ឋានយ៉ាងណា ? លោកអគ្គមហាសេនាសម្លាប់ពស់ ឬក៏ពស់សម្លាប់លោកអគ្គមហាសេនា ? សូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផង ។

បើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះ យល់ឃើញថា << មិនមែនលោកអគ្គមហាសេនាសម្លាប់ពស់ទេ, ឯពស់សោតទៀត ក៏មិនសម្លាប់លោកអគ្គមហាសេនាដែរ, តាមការពិត គឺសេចក្ដីល្មោភរបស់មនុស្សរមិលគុណទេតើ ដែលសម្លាប់ទាំងលោកអគ្គមហាសេនា សម្លាប់ទាំងពស់ >> ។

ប៉ុន្តែ ដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះ ត្រឡប់ជាល្បីលេចឮទូទៅពេញស្រុកភូមិថា << ពស់នាគរាជលេបមន្រ្តីធំ >> ទៅវិញ, មិនឮថា មន្រ្តីធំចូលទៅក្នុងពោះអារយកថ្លើមពស់នាគរាជទេ >> ។ ព្រោះអ្នកស្រុកមិនដឹងរឿងអាថ៌កំបាំង របស់លោកអគ្គមហាសេនានឹងពស់នោះសោះ ។

ហេតុនេះ បានជាអ្នកស្រុកនិយាយគ្នារត់មាត់ថា << ពស់លេបមន្រ្តីធំ >> ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

ភ្លើងមិនចេះឆ្អែតនឹងការឆេះ មហាសមុទ្រមិនចេះឆ្អែតនឹងទឹក

មនុស្សល្មោភមិនចេះឆ្អែតនឹងសម្បត្តិ ឬយសស័ក្តិ  ៕

ស្រាវជ្រាវតាមស្នាដៃនិពន្ធរៀបរៀងរបស់លោក ប៊ូ ប៉ូ ដោយ÷ ចៅតាជេត


ចែករំលែក៖