កម្លាំងទាហានការពារកោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ ដោយមានទាំងប្រព័ន្ធរ៉ាដាចល័ត ជើងទម្របាញ់កាំជ្រួចមីស៊ីល និងសព្វាវុធជាច្រើនផ្សេងទៀត។ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះគឺធ្វើនៅតំបន់សមុទ្រកំពង់ផែ Zuoying ។
គោលដៅនៃការធ្វើសមយុទ្ធនោះដើម្បីទប់ស្កាត់ការវាយប្រហារនិងត្រៀមលក្ខណៈធ្វើសង្គ្រាមនៅមុនថ្ងៃចូលឆ្នាំចិនមកដល់។ សកម្មភាពធ្វើសមយុទ្ធគឺដើម្បីបង្ហាញដល់ពលរដ្ឋកោះតៃវ៉ាន់ឱ្យបានដឹងថា បើទោះបីពិធីបុណ្យជាតិជិតចូលមកដល់ក្តី ក៏កម្លាំងទាហាននៅតែត្រៀមលក្ខណៈការពារជានិច្ច។
តាមសារព័ត៌មាន CNA ការធ្វើសមយុទ្ធរួមមានការដាក់ពង្រាយគ្រាប់មីននៅក្នុងទឹក ការរុករកមីននិងបំផ្ទុះចោល។ ក្រៅពីយុទ្ធសាស្ត្រការពារ កោះតៃវ៉ាន់ក៏បានត្រៀមយុទ្ធសាស្ត្រវាយលុកផងដែរ។
កាលពីថ្ងៃទី២៨ខែមករា រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា ការដែលកោះតៃវ៉ាន់ប្រកាសឯករាជ្យមានន័យថាសង្គ្រាមផ្ទុះឡើង។ មិនតែប៉ុណ្ណោះចិនបានត្រៀមរួចរាល់ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា ចិនជឿជាក់ថា រដ្ឋាភិបាលកោះតៃវ៉ាន់មានបំណងប្រកាសឯករាជ្យ ។ កន្លងមក មេដឹកនាំកោះតៃវ៉ាន់ តែងតែលើកឡើងពីគម្រោងឯករាជ្យក្លាយទៅជាប្រទេសមានអធិបតេយ្យពេញលេញ ៕
ដោយ៖ធី រីណា(រូបភាព៖ baogiaothong)