ព័ត៌មានទាន់ហេតុការណ៍៖

មាស សុខសោភា ប្រកាសថ្ងៃបង្ហាញមុខ និងបញ្ចេញបទចម្រៀងលើកដំបូងក្នុងផលិតកម្មរាមជាផ្លូវការ

ចែករំលែក៖

     ភ្នំពេញ៖ ទីបំផុតតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានទទួលស្គាល់ហើយថា នាងបានចុះកិច្ចសន្យាច្រៀងរយៈពេលមួយឆ្នាំសម្រាប់ផលិតកម្មរាមរបស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិនោះហើយ។        

តារាចម្រៀងរូបនេះលើកឡើងទៀតថា ការបើកបង្ហាញមុខជាផ្លូវការ និងការបញ្ចេញបទចម្រៀងលើកដំបូងរបស់នាងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ 

  នាងថា ការបើកទំព័រលើផលិតកម្មថ្មី នេះរូបនាងនិងក្រុមការងារនឹងបញ្ចេញស្នាដៃជាលើកដំបូងក្រោយពីបានផលិតចប់រួចរាល់អស់ហើយនោះ ដែលការប្រកាសបើកនឹងធ្វើឡើងនៅអគារព្រីមៀរស្ថិតនៅក្នុងខណ្ឌសែនសុខនោះតែម្តង ហើយភ្ញៀវកិត្តិយសជាច្រើនរួមទាំងអ្នកសារព័ត៌មាននឹងត្រូវបានអញ្ជើញឲ្យទៅចូលរួមក្នុងឱកាសនោះផងដែរ។

ការប្រកាសរបស់តារាចម្រៀង មាស សុខសោភា នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលជាថ្ងៃកំណើតរបស់នាង និងជាថ្ងៃប្រកាសសម្ពោធមុខជំនួញជាផ្លូវការក្រោមទុនច្រើនជាងកន្លះលានដុល្លារអាមេរិកនោះផងដែរ។        តារាចម្រៀងរូបនេះបញ្ជាក់ដែរថា ថ្ងៃប្រកាសបើកដំណើរការអាជីវកម្មនេះគឺចំថ្ងៃកំណើតរបស់នាងផ្ទាល់តែម្តង ហើយរហូតមកដល់ពេលនេះនាងមានសមាជិកក្នុងដៃជិត១០០នាក់ហើយ ហើយសន្ទុះនៃការលក់គឺខ្លាំងមិនគួរឲ្យជឿ។  ក្នុងកម្មវិធីសម្ពោធនេះដែរគេក៏បានឃើញវត្តមានរបស់គូស្នេហ៍នាង ដែលនាងអះអាងថាគាត់បានជួយគ្រប់ផ្នែកទាំងការងារសិល្បៈ និងមុខជំនួញ រួមទាំងការលើកទឹកចិត្តនាងផ្ទាល់ផងដែរ ហើយនាងថាមុខជំនួញនេះនឹងមិនជះឥទ្ធិពលខ្លាំងទៅលើការងារសិល្បៈឡើយ ដែលនាងនឹងប្រកាសបង្ហាញមុខក្នុងផលិតកម្មថ្មីនៅខែកុម្ភៈខាងមុខនេះ។ នាងរំពឹងថាទាំងមុខជំនួញ និងការងារសិល្បៈនឹងទទួលបានជោគជ័យព្រមគ្នា ខណៈដែលការងារសិល្បៈនាងនឹងមិនធ្វើឲ្យអ្នកគាំទ្រនាងខកចិត្តឡើយ ហើយនាងក៏សុំទោសទស្សនិកជនផងដែរសម្រាប់ការពន្យារពេលក្នុងការបញ្ចេញបទថ្មី ហើយអាជីវកម្មថ្មីនេះប្រសិនបើដំណើរការល្អនាងនឹងយកប្រាក់ចំណូលដើម្បីបង្កើនគុណភាពនៃការផលិតឲ្យកាន់តែល្អប្រសើរថែមទៀត៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖