ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។ 

ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ 

ជាមួយគ្នានេះដែរ លោកប្រធានអនុសាខា ក៏បានអំពាវនាវបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំយកចិត្ត ទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវសម្អាតបរិស្ថាន នៅជុំវិញផ្ទះជាដើម ។ លើសពីនេះទៅទៀត លោក ថេង សុថុល សូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ធ្វើឱ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 

ដោយសង្កេតឃើញថា រដូវនេះ ជារដូវរំហើយ លោកអភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀស វាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ។ ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុម ការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា ។ 

ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានផ្ដល់ជូននូវអំណោយមួយចំនួនដូចជា ៖ អង្ករ ចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអុីវ, ត្រីខ, មី, ក្រមា, ម៉ាស់ និងថវិកាចំនួន ២០.០០០រៀលផងដែរ ៕

ដោយ៖ជី ណា


ចែករំលែក៖