ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Odion Ighalo បានវិលត្រឡប់មកកាន់Shanghai Shenhua របស់លីគកំពូលចិន Chinese Super League បន្ទាប់ពីការខ្ចីជើងរបស់គាត់នៅក្រុម Manchester United បានបញ្ចប់។
តាមគេហទំព័ររបស់ក្រុមបិសាចក្រហមបានឲ្យដឹងកាលពីថ្ងៃទី២៨ មករាថា Ighalo មានវ័យ៣១ឆ្នាំបានចូលរួមជាមួយក្រុមបិសាចក្រហមManchester United ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងនេះបានបញ្ចប់នៅចុងខែឧសភាមុន ប៉ុន្តែក្រោយមកត្រូវបានបន្តដល់ខែនេះ។ គាត់រកបាន៥គ្រាប់ឲ្យក្រុម Man United ក្នុងការបង្ហាញខ្លួនសរុបចំនួន២៣ដង។
ខ្សែប្រយុទ្ធ Ighalo បានសរសេរនៅលើបណ្តាញសង្គមថា “វាពិតជាលំបាកណាស់ក្នុងការឃើញសុបិននេះដល់ទីបញ្ចប់។ ចំពោះអ្នកគ្រប់គ្រងខ្ញុំសូមថ្លែងអំណរគុណចំពោះការជឿទុកចិត្ត និងជឿជាក់លើខ្ញុំនៅពេលដែលមនុស្សជាច្រើនមិនបានធ្វើ។
ចំពោះមិត្តរួមក្រុមដ៏អស្ចារ្យរបស់ខ្ញុំ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា វាពិតជារីករាយហើយជាពេលវេលាដែលខ្ញុំទន្ទឹងរង់ចាំហ្វឹកហាត់ និងចំណាយពេលវេលាជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំអធិដ្ឋានថាយើងនឹងឈ្នះលីគ និងឈ្នះ FA Cup នៅឆ្នាំនេះ។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United កំពុងឈរនៅលេខរៀងទី២បណ្តោះអាសន្ន ក្នុងតារាង Premier League ដោយដេញតាមពីក្រោយក្រុម Manchester City ១ពិន្ទុបន្ទាប់ពីប្រកួតបាន ២០ប្រកួត៕ដោយ៖ភារៈ