ចាប់តាំងពីថ្ងៃទី៣១ខែមករានេះទៅបារាំងបានសម្រេចបិទព្រំដែនទាំងស្រុងជាមួយបណ្តាប្រទេសក្រៅពីតំបន់អឺរ៉ុប។
ជាមួយគ្នានេះ រដ្ឋាភិបាលបារាំងក៏បានពិភាក្សាពីវិធានការបិទប្រទេសជាលើកទី៣ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឱ្យមានប្រសិទ្ធភាពបំផុត ។ កាលពីថ្ងៃទី ២៩ ខែមករា រដ្ឋាភិបាលបារាំងបានសម្រេចបិទព្រំដែនចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ សម្រាប់ប្រទេសស្ថិតនៅក្រៅតំបន់អឺរ៉ុប ។
អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបារាំងបានកើនឡើងខ្ពស់បើទោះបី រដ្ឋាភិបាលបានអនុម័តវិធានការរឹតត្បិតក្តី ។ ទាំងនោះហើយបានជារដ្ឋាភិបាលឡើងគម្រោងបិទប្រទេសជាលើកទី៣ ។ នៅក្នុងការបិទប្រទេសកាលពីពីរលើកកន្លងមកនៅឆ្នាំ២០២០នោះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចនិងសង្គម ។ ប៉ុន្តែដើម្បីសុវត្ថិភាពពលរដ្ឋ បារាំងមានគម្រោងបិទប្រទេសជាលើកទីបីបន្តទៀត។
កាលពីថ្ងៃទី២៩ខែមករា នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្តិសុខជាតិ នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានប្រកាសថានឹងមានវិធានការរឹតត្បិតបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ចាប់ពីថ្ងៃទី៣១ខែមករាទៅ បារាំងនឹងបិទព្រំដែនទាំងស្រុងជាមួយបណ្តាប្រទេសនៅក្រៅតំបន់អឺរ៉ុប ។ មានន័យថា ប្រទេសអឺរ៉ុបអាចចេញចូលបាន តែក្រៅពីតំបន់អឺរ៉ុប មិនអាចចេញចូលទឹកដីបារាំងបានទេចាប់ពីថ្ងៃទី៣១ខែមករាទៅ ។
បារាំងជាប្រទេសមានករណីឆ្លងច្រើនលំដាប់ទីបីក្នុងតំបន់អឺរ៉ុប បន្ទាប់ពីរុស្ស៊ី និងអង់គ្លេស។ មកទល់ពេលនេះបារាំងមានករណីឆ្លងដល់ទៅ3.153.487នាក់ និងស្លាប់75.620នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១៕ដោយ៖ធី រីណា
រូបភាព៖ Le Monde