ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរជាបន្ទាន់ ហើយក្រៅពីនេះក៏មានការឆេះខូចខាតតូបលក់ដូរ ទ្រព្យសម្បត្តិនិងសម្ភារអស់ទាំងស្រុង ដោយសារតែគ្រោះអគ្គិភ័យបង្កឡើងដោយជនរងគ្រោះបូមប្រេងសាំងចេញពីកានបណ្ដើរជក់បារីបណ្ដើរ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើ នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចច្រាបលោក ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តូបលក់ដូរត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដេលមានទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដារ។
ចំពោះសម្ភារខូចខាតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា(ចាស់), ពងទាកូនចំនួន២០០គ្រាប់, ប្រហិតចំនួន១២គីឡូក្រាម, ស្រាបៀរកម្ពុជាចំនួន៨កេស, ស្រាបៀរអាន់ឆ័រ១កេស, ឆាមពាន៣កេស, ខារ៉ាបាវ២កេស, បាកាស់៣កេស, ស្ទីង៤កេស, វុើក២កេស, ទឹកផ្លែឈើ២កេស, អាយ៥យួរ, ទឹកដោះគោកូនក្មេង២កេស, ភេសជ្ជៈអឹម២កេស និងលុយចំនួន៥០មុឺនរៀល ។
ប្រភពដដែលបន្តទៀតថា ម្ចាស់ឈ្មោះ ណុប ដែន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រងរបួស(ធ្ងន់)ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ មានប្រពន្ធ(មិនរងរបួសទេ)បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ។ សមត្ថកិច្ចចុះពិនិត្យនិងស្រាវជ្រាវជុំវិញហេតុការណ៍ គឺមូលហេតុមកពី ម្ចាស់តូប(ណុប ដែន)បូមប្រេងសាំងបណ្ដើរជក់បារីបណ្ដើរ ៕ ដោយៈ បុឹម ពិន