ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ថារពឹសដៃផ្ទៃឆ្អែត! តែប្អូនម្នាក់នេះរពឹសដៃទៅលួចធុងបាស់គេត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ពាក្យចាស់បុរាណបានពោលថារពឹសដៃផ្ទៃឆ្អែត ដោយសំដៅទៅលើការខិតខំប្រឹងប្រែងរកស៊ីដោយដៃទាំងពីរ គឺមិនមែនឱ្យប្រើដៃទៅលួចទ្រព្យសម្បត្តិអ្នកដទៃយកមកបំពេញក្រពះខ្លួននោះទេ។ តែជាក់ស្តែងជនសង្ស័យម្នាក់នេះបានទៅប្រព្រឹត្តបទល្មើសដោយប្រើដៃលួចយកធុងបាស់ ម៉ៃក្រូហ្វូន និងអំព្លីរបស់គេហើយត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះភ្លាមៗ                                                                                                                                                                             កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥ និង២៧នាទីនៅចំណុចក្នុងសាលារៀនអន្តរជាតិចុងអុីង ផ្លូវលេខ១០១៥ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ វី រាជសី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមសាលារៀនអន្តរជាតិចុងអុីង ស្នាក់នៅក្នុងសាលារៀនអន្តរជាតិនេះ ស្ថិតនៅតាមផ្លូវលេខ១០១៥ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន) បានលួចធុងបាស់ ម៉ៃក្រូហ្វូន និងអំព្លី របស់សាលារៀនអន្តរជាតិចុងអុីង។ ជនរងគ្រោះឈ្មោះ ទ្រី ស៊ីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនសាលារៀនអន្តរជាតិចុងអុីង ស្នាក់នៅផ្ទះលេខ៣៩៦ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ សម្ភារបាត់បង់មាន ធុងបាស់ ម៉ៃក្រូហ្វូន និងអំព្លី ។ចំណែកសម្ភារបន្សល់ទុកមាន ទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូនជារបស់ជនសង្ស័យ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖