ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា, ដោយសារតែមានការប្រលងប្រជែងគ្នាខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យារវាងក្រុមហ៊ុន បានធ្វើឱ្យការវិវឌ្ឍន៍នៃបច្ចេកវិទ្យា កាន់តែមានសន្ទុះនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ដូចជាម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មទូរសព្ទពីចម្ងាយបាន រហូតដល់ទៅ៤ម៉ែត្រ ហើយទូរសព្ទនីមួយៗនឹងទទួលបានកម្លាំងសាក 5W។ ទោះបីជាការផ្ដល់កម្លាំងសាកត្រឹមតែ 5W វាមិនអាចបញ្ចូលថ្មបានលឿននោះទេ បើយើងប្រៀបធៀបទៅនឹងបច្ចេកវិទ្យាបញ្ចូលថ្មតាមរយៈខ្សែនាពេលបច្ចុប្បន្ន ប៉ុន្តែវាក៏មិនយឺតពេកនោះដែរ។
Mi Air Charge គឺជាឈ្មោះដែលក្រុមហ៊ុនបានប្រើក្នុងការផ្សព្វផ្សាយឧបករណ៍ថ្មីនេះ ហើយក្រុមហ៊ុនក៏បានប្រកាសផងដែរថា បច្ចេកវិទ្យានេះគឺមិនមែនជាការស្រមើស្រមៃនោះទេ ដែលនេះអាចមានន័យថាបច្ចេកវិទ្យានេះនឹងមានដាក់ឱ្យប្រើប្រាស់នៅក្នុងពេលអនាគតឆាប់ៗនេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏មានបំណងធ្វើឱ្យឧបករណ៍សាកថ្មនេះអាចប្រើបានជាមួយនឹងនាឡិកាវៃឆ្លាត និងធុងប៉ាស់យួរដៃ (Speaker) បានទៀតផង។
គួរបញ្ជាក់ផងដែរថា ទោះបីជានាពេលបច្ចុប្បន្នយើងបានឃើញពីបច្ចេកវិទ្យាសម្រាប់សាកថ្មទូរសព្ទជាច្រើនប្រភេទដោយមិនចាំបាច់ភ្ជាប់ខ្សែ (Wireless) ប៉ុន្តែវានៅតែតម្រូវឱ្យយើងដាក់ទូរសព្ទជាប់នឹងឧបករណ៍ឆ្នាំងសាកនោះដដែល ដើម្បីអាចបញ្ចូលថ្មបាន៕
ដោយ៖ សិលា