ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចូលចិត្តផឹកស្រាគួរស្វែងយល់! ស្រវឹងទៅបង់សំណាញ់ដូចទៅរកសេចក្ដីស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកក្រគរ និងអាជ្ញាធរមូលដ្ឋាន បានសហការចុះពិនិត្យ និងស្រាវជ្រាវករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់ម្នាក់ ដែលគេសង្ស័យអាចបណ្ដាលមកពីផឹកស្រាស្រវឹងជោកជាំ ហើយទៅបង់សំណាញ់រកត្រីនៅស្រះទឹកមួយកន្លែងតែម្នាក់ឯង ។

 ហេតុការណ៍មនុស្សលង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ស្រ្តីម្នាក់ឈ្មោះ ចាត់ វី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ដែលត្រូវជាម្ដាយជនរងគ្រោះបានបំភ្លឺបញ្ជាក់អះអាងប្រាប់សមត្ថកិច្ចនគរបាលថា កូនប្រុសរងគ្រោះរបស់គាត់មានឈ្មោះ ផែ សុផល អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។សព្វថ្ងៃនេះកូនប្រុសរងគ្រោះរូបនេះចូលចិត្តផឹកស្រាណាស់។ ជាក់ស្ដែងមុនកើតហេតុវាបានទិញស្រាចំនួន៣លីត្រ មកអង្គុយផឹករហូតដល់វេលាម៉ោងប្រមាណរំលងអធ្រាត្រ ឈានចូលថ្ងៃកើតហេតុខាងលើ បន្ទាប់មកកូនប្រុសរូបនេះបានបន្តយកសំណាញ់ទៅបង់ត្រីយកមកធ្វើម្ហូប ត្រង់ចំណុចស្រះទឹកកើតហេតុ។ លុះភ្លឺឡើងពុំឃើញវិលត្រឡប់មកផ្ទះវិញកើត មានការសង្ស័យទើបបងប្អូនសាច់ញាតិនាំគ្នាដើររក ស្រាប់តែឃើញសំណាញ់រុំខ្លួនស្លាប់នៅបាតដីក្នុងទឹកស្រះ ។ករណីនេះធ្វើឲ្យគេសង្ស័យថា ជនរងគ្រោះអាចគ្រវែងសំណាញ់ដោយទាំងមនុស្សទៅជាមួយបណ្ដាលឲ្យសំណាញ់រុំជនរងគ្រោះលង់ទឹកស្លាប់បែបនេះតែម្តង ។

 ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា ករណីខាងលើសមត្ថកិច្ចជំនាញបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយលង់ទឹកប្រាកដមែនទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖