ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានថ្លែង អបអរសាទរក្រុមកីឡាករ កីឡាការិនី និងជ័យលាភី នៃការប្រកួតកីឡាប៉េតង់ ថ្នាក់ជាតិឆ្នាំ២០២០។
លោកបានបញ្ជាក់ថា, ភាពជោគជ័យនៅថ្ងៃនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ ការតស៊ូ និងស្មារតីជាក្រុមទាំងអស់គ្នា។ លោកបន្តថា, ទោះបីជាលទ្ធផលយ៉ាងណាក្តី តែអ្វីដែលមិនអាចកាត់ថ្លៃបានគឺមិត្តភាព និងសាមគ្គីភាព ហើយតាមរយៈការប្រកួតនេះគឺជាបទពិសោធន៍ថ្មីមួយ និងការហ្វឹកហាត់បន្ថែមដើម្បីបន្តភាពរឹងមាំសម្រាប់ឆ្នាំបន្តបន្ទាប់ និងអនាគតនៃកីឡានេះដើម្បីកិត្តិសព្ទកម្ពុជាដែលទទួលបានកន្លងមក។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា, កម្ពុជាទទួលបានការកោតសរសើរ និងការវិវឌ្ឍជាបន្តបន្ទាប់ចាប់តាំងពីការកកើតឡើងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កាលពីឆ្នាំ១៩៩២ ដោយមានសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អានជាស្ថាបនិក ជាមួយស្ថានិកដទៃទៀត ដែលកម្ពុជាទទួលបានមេដាយអន្តរជាតិសរុបរហូតដល់ ៣០៦គ្រឿង ក្នុងនោះមានមេដាយមាស ៨៨គ្រឿង ប្រាក់ ១០៨គ្រឿង និង ១១០សំរឹទ្ធ គ្រឿង៕
ដោយ៖ សុខ ខេមរា