ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យមើលការអ៊ុតកៅស៊ូប្រភេទACនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដែលកំពុងសាងសង់ឱ្យល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីបញ្ហា ការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកកស្ទះចរាចរណ៍និងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាវិថីតូចធំនិង

ផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បានបន្តដំណើរការអ៊ុតកៅស៊ូប្រភេទAC ក្នុងមូលដ្ឋានខណ្ឌដូនពេញនៅតាមបណ្ដោយផ្លូវចំនួន១៦ខ្សែ ដែលរងការខូចខាតត្រូវជួសជុលជង្ហុក សំបុកមាន់ និងអ៊ុតកៅស៊ូឡើងវិញ។

ជាក់ស្ដែងនៅវេលាម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១  ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និងមន្ត្រីជំនាញបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលសំបុកមាន់ ការអ៊ុតកៅស៊ូAC នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ។  បន្ទាប់ពីជួសជុលសំបុកមាន់រួចរាល់ហើយ មន្ត្រីជំនាញនឹងអនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូACកម្រាស់០.៥ សង់ទីម៉ែត្របន្ថែមទាំងមូលតែម្តង ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភណភាពទីក្រុងផងដែរ។ ការចុះត្រួតពិនិត្យនេះលោក សុខ ពេញវុធ អភិបាលខណ្ឌ បានណែនាំឱ្យក្រុមហ៊ុនជួសជុលផ្លូវត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ផ្តោតសំខាន់លើគុណភាព ឱ្យបានល្អប្រសើរ និងរាល់ពេលជួសជុលរួចត្រូវសម្អាតកាកសំណល់ វេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីសោភណភាព ។

សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទACកម្រាស់ ០.៥សង់ទីម៉ែត្រនេះជាគម្រោងថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕ដោយ៖រ៉ារ៉ា


ចែករំលែក៖