ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារមានជំងឺព្យាបាលមិនជា បុរសម្នាក់សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចភ្កាមៗឱ្យមកពិនិត្យសពខណៈដែលក្រុមគ្រួសារប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅផ្ទះដោយសារតែមានជំងឺប្រចាំកាយព្យាបាលមិនធូរស្បើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះ ប៉ែន ហេន មុខរបរកសិករ អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពនិងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ រួចហើយសន្និដ្ឋានថា នៅជុំវិញខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីផ្សេងដែលសម្គាល់ថាជារឿងឃាតកម្មនោះទេគឺពិតជាស្លាប់ដោយចងកប្រាកដមែន ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនគាត់គឺមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយដោយបានទៅព្យាបាលនៅមន្ទីពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ។ នៅថ្ងៃកើតហេតុក្រុមគ្រួសារជាប់រវល់មិននៅផ្ទះ លុះត្រឡប់មកវិញស្រាប់តែប្រទះឃើញកូនចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ យឹម សុថាន


ចែករំលែក៖