ព័ត៌មានទាន់ហេតុការណ៍៖

រកបានកន្លះលានដុល្លារពីការរត់ដើម្បីសប្បុរសធម៌ សាយ ធ្វើរឿង២បន្ថែមទៀតសម្រាប់ជួយសង្គម

ចែករំលែក៖

     ភ្នំពេញ៖ តារាចម្រៀង សាយ បានប្រកាសបិទកម្មវិធីរត់របស់ខ្លួនដោយទទួលទឹកប្រាក់សប្បុរសធម៌ប្រមាណ៥០ម៉ឺនដុល្លារដើម្បីជួយសង្គម។ ក្រោយរកបានថវិកាលើសពីការរំពឹងទុកនេះដែរ តារាចម្រៀងរូបនេះបានបញ្ចេញគម្រោងថ្មី២បន្ថែមទៀតដើម្បីជាការជួយដល់សង្គមបន្ថែម។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ខែមករា ឆ្នាំ២០២១ កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានរៀបចំកម្មវិធីប្រកាសបិទជាផ្លូវការ នៅ Major Cineplex by Smart កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ដែលលោក បានធ្វើការរត់ដោយប្រើរយៈពេល៩៧ថ្ងៃ ក្នុងចម្ងាយ២៤០៨គីឡូម៉ែត្រ ហើយបានឆ្លងកាត់២១ខេត្តក្រុង ជុំវិញប្រទេសកម្ពុជា។

តាមរយៈកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ទទួលបានទឹកប្រាក់បរិច្ចាគពីប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសព្រមទាំងបានពីសំណាក់ក្រុមហ៊ុនផ្សេងៗលើពីគោលដៅដែលបានដាក់នៅក្នុងកម្មវិធី ទ្វេមួយជាពីរ ដោយមានទឹកប្រាក់សរុបប្រមាណចំនួន ០២៥ ៦០៩ ៧១០ រៀល (ពីរពាន់ម្ភៃប្រាំលាន ប្រាំមួយរយប្រាំបួនពាន់ ប្រាំពីររយដប់រៀល) ស្មើនឹងប្រមាណជា ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះគឺជាថវិកាដ៏សប្បុរសបរិច្ចាគពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។

បើទោះជាកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយបញ្ចប់ទៅដោយជោគជ័យ លោក អ៊ួន បឋម (សាយ) បានប្រកាសកម្មវិធីថ្មីពីរទៀត បន្ទាប់ពីកម្មវិធីនេះ នោះគឺ ការផលិតជាភាពយន្តឯកសារពីកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីដាក់បញ្ចាំងនៅក្នុងរោងកុនសម្រាប់ប្រជាពលរដ្ឋទូទៅ និងជាពិសេសគឺ សម្រាប់យុវជនកម្ពុជាផ្ទាល់តែម្តង ដើម្បីជាគំរូ និងជាការជម្រុញទឹកចិត្តក្នុងការចាប់ផ្តើមធ្វើសកម្មភាពដើម្បីជួយដល់សង្គមផងដែរ។ ចំណែកឯកម្មវិធីមួយទៀតនោះ គឺកម្មវិធី តោះចាប់ផ្តើមធ្វើជាមួយសាយ (Let’s Do It with Sai) ជាកម្មវិធីមួយផ្តួចផ្តើមគំនិតដើម្បីឲ្យយុវជនដែលមាន គំនិតចង់ធ្វើសកម្មភាពល្អដើម្បីជួយដល់សង្គម ក្នុងការចាប់ផ្តើមធ្វើដោយមិនរៀរែកចិត្ត ដែលក្នុងនោះកម្មវិធីនឹងធ្វើការ ជ្រើសរើសយកយុវជនជាក្រុមតូចៗ ដែលបានដាក់ពាក្យមកកាន់កម្មវិធី កម្មវិធីនឹងផ្តល់ជាប្រឹក្សាយោបល់ និងពិភាក្សាក្នុងការរៀបចំសកម្មភាព ឬយុទ្ធនាការកិច្ចសង្គមណាមួយ និងកម្មវិធីនិងធ្វើការគាំទ្រជាកញ្ចប់មូលនិធិមួយចំនួនផងដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖