ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចំពីមុខពេញទំហឹង រួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែកឯម្ចាស់រថយន្តរងរបួសស្រាលទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ១០និង ៤០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក NISSAN ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 2AI-1048 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង បម្រុងបើកឆ្លងផ្លូវ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកTUNDRA ពណ៌ខ្មៅពាក់ស្លាក ភ្នំពេញ2BG-4176 បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងលឿនយ៉ាងលឿនហើយជ្រុលទៅបុកចំពីខាងមុខពេញទំហឹង រួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ទៀត។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ចកិច្ចជំនាញចរាចរណ៍បានចុះមកឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែដោយសារពួកគេនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចយើង វាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ