ក្រោយ លោកស្រីអង់សានស៊ូជី និងប្រធានាធិបតីព្រមទាំងមន្ត្រីជាន់ខ្ពស់ប្រទេសនេះជាច្រើនត្រូវទាហានចាប់ខ្លួន។ នៅព្រឹកថ្ងៃទី១ខែកុម្ភៈ កម្លាំងទាហាន ជាច្រើនបានដាក់ពង្រាយក្នុងរដ្ឋធានីNaypyitaw និងទីក្រុង យ៉ានហ្គន់ដើម្បីទប់ស្កាត់ខ្លាចមានហេតុការណ៍អាក្រក់កើតឡើង។
ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលត្រូវទាហានចាប់ខ្លួន មាន លោកស្រីអង់សានស៊ូជី ប្រធានាធិបតីWin Myint និងលោកHan Thar Myintសមាជិកមជ្ឈិមគណបក្សកាន់អំណាច។ ពលរដ្ឋបានឃើញកម្លាំងទាហានជាច្រើន ក្នុងនោះមានទាំង រថយន្តយោធាចតនៅទីតាំងសំខាន់ៗរបស់រដ្ឋ។ នៅពេលនេះអ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា មិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។
អ្វីដែលគួរឲ្យបារម្ភនោះ បណ្តាញអុីនធឺណេត នៅរដ្ឋធានី Naypyitaw ត្រូវបានកាត់ផ្តាច់ទាំងស្រុង ។ សូម្បីតែបណ្តាញទូរទស្សន៍ជាតិ MRTV ក៏បិទការផ្សាយផងដែរ ដោយសារបញ្ហាបច្ចេកទេស នាព្រឹកថ្ងៃទី១ខែកុម្ភៈនេះ។ ប៉ុន្តែព័ត៌មានស្តីពីការចាប់ខ្លួនត្រូវបានផ្សព្វផ្សាយនិងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងប្រទេសនេះ ៕ដោយ៖ធី រីណា
រូបថត៖Reuters