ភ្នំពេញ ៖ ទូកុងតឺន័រដឹកខោអាវជជុះក្បាលគីប ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតអស់មួយចំនួនធំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃអាទិត្យទី៣១ ខែមករាឆ្នាំ២០២១នៅត្រង់ចំណុចផ្លូវលេខ២៩០កែងនឹងផ្លូវលេខ២០៥នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តសណ្តោងកុងតឺន័រក្បាលពណ៌បៃតង ពាក់ស្លាក លេខតាកែវ3A-1016បានបើកមកឈប់នៅមុខផ្ទះកន្លែងកើតហេតុខាងលើហើយក៏បើកទូកុងតឺន័រដើម្បីទម្លាក់ខោអាវជជុះក្បាលគីបចេញ។ ខណៈកម្មករកំពុងតែទម្លាក់ខោអាវក្បាលគីបក្នុងទូកុងតឺន័រ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅខាងក្នុងទូកុងតឺន័រធ្វើឲ្យកម្មកររត់ចុះចែកជើងគ្នា និងតៃកុងរថយន្តកុងតឺន័របានដោះក្បាលរថយន្តបើកចេញកុំឲ្យភ្លើងឆាបឆេះដល់ទាន់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុធ្វើការបាញ់ពន្លត់។រថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន២គ្រឿងហើយបានប្រើប្រាស់ទឹកអស់ចំនួន៤ឡានទើបរលត់ទៅវិញនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១។ចំពោះការខូចខាតគឺឆេះខោអាវអស់មួយចំនួនធំ ។
មូលហេតុនៃការឆេះនេះ បើតាមសម្ដីម្ចាស់ទំនិញបានប្រាប់ឲ្យដឹងថា ទូកុងតឺន័រនេះនៅថ្ងៃទី២៩ ខែមករាវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្របានឆាបឆេះនៅផ្លូវលេខ៣៥៨ម្ដង រួចក៏យកទៅរក្សាទុកនៅដីឡូត៍ខាងវាលស្បូវបានរយៈពេល៣ថ្ងៃ ទើបយកចេញពីវាស្បូវមកដាក់នៅកន្លែងកើតហេតុខាងលើនេះដើម្បីទម្លាក់ខោអាវចេញពីទូកុងតឺន័រ ប៉ុន្តែ ទំនងជាហប់នឹងកម្តៅទើបធ្វើឲ្យឆេះតិចៗរហូតដល់ថ្ងៃកើតហេតុទើបមានអណ្តាតភ្លើងឆាបឆេះបែបនេះទៅវិញ។ ក្នុងហេតុការណ៍នេះមិនបានឆេះរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃឬក៏រងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ៕ដោយ ៖ ភារ៉ា ដង្កោ