ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីជិះទូកចុះលេងទឹកក្នុងបឹងតាមោគ

ចែករំលែក៖

ភ្នំពេញ ៖ សិស្សសាលាម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីចុះលេងទឹកបឹងតាមោគជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា៦ និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ៖ឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ស្លាកស្នាមបន្សល់ទុកមានហូរទឹកចេញតាមច្រមុះ។ 

   តាមការឲ្យដឹងពីឈ្មោះយ៉ាន សៅ ភេទប្រុស និងឈ្មោះ ទិត្យ ផានិត ភេទប្រុសបានប្រាប់ថា នៅមុនពេលកើតហេតុ ម៉ោងប្រហែល១៤និង០០នាទី ពួកខ្លួននិងជនរងគ្រោះបានបបួលគ្នាទៅលេងទឹកនៅបឹងតាមោគ ហើយក៏បាននាំគ្នាផឹកស្រាបៀរអស់ប្រហែល១កេស រួចក៏បបួលគ្នាចុះទៅលេងទឹក ហើយយកទូកឈើដែលគេទុកចោលមកជិះលេង។ លុះដល់កន្លែងទឹកជ្រៅក៏នាំគ្នាលោតទឹកលេងយ៉ាងសប្បាយ។ ចំណែកជនរងគ្រោះវិញក្រោយពីលោតចូលទឹកមួយសន្ទុះមកគឺមិនឃើញងើបឡើងវិញ ទេទើបពួកខ្លួនស្រែកឆោឡោនិងហៅអ្នកនៅជិតកន្លែងកើតហេតុនោះឱ្យជួយស្វែងរកហើយជួយស្រង់ជនរងគ្រោះមកសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពួកខ្លួនក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់តែម្ដង។

តាមការបំភ្លឺ និងការពិនិត្យរបស់កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារ(លង់ទឹក)ប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភំពេញ៕ ដោយ ៖ ព្រែកសំរោង


ចែករំលែក៖