ព័ត៌មានទាន់ហេតុការណ៍៖

គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច ហើយ តែមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ១-លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល , ២-កូនសោចំនួន៥, ៣-ទួណឺវីសចំនួន១, ៤-កុំព្យូទ័រម៉ាក ASUS ១ គ្រឿង , ៥-កាបូបស្ពាយពណ៌ខ្មៅ១, ៦-ដែកជ្រុងចុងសំប៉ែតស្រួច១, ៧-កាបូបតូចចំនួន២, ៨-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកមាសចំនួន១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ និង០០នាទី ជនរងគ្រោះឈ្មោះ
អ៊ុក គន្ធា បានបិទទ្វារផ្ទះលេខ៧ ផ្លូវ KS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយចាក់សោទ្វារផ្ទះត្រឹមត្រូវ រួចបានចេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីបុណ្យសពបងប្អូនដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ រហូតដល់វេលាម៉ោង ១២ និង០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះសាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ បានមកធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះផ្នែកខាងក្រោយ រួចលូនចូលទៅក្នុងផ្ទះលួចយកកាបូបស្ពាយពណ៌ខ្មៅចំនួន១ ហើយនៅក្នុងកាបូបនោះមាន៖ លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល និងកុំព្យូទ័រម៉ាក ASUS ១ គ្រឿង ហើយក៏បានលូនចេញមកវិញហើយផ្លោះរបងចេញមកខាងក្រៅវិញ ។ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៏រលួសបានជិះម៉ូតូ២គ្រឿងល្បាតក្នុងភូមិសាស្រ្ត មានគ្នា៤នាក់ មកដល់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ខាងលើក៏បានឃើញជនសង្ស័យកំពុងផ្លោះរបងចេញពីផ្ទះជនរងគ្រោះ រួចសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងខាងលេី ក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ។

ក្រោយធ្វើការសាកសួរ ពីសមត្ថកិច្ចជំនាញ ជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិប្រាកដមែន ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖