ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើបាតុកម្មពីសំណាក់កសិករឥណ្ឌាមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ

ចែករំលែក៖

នៅថ្ងៃទី​១ខែកុម្ភៈនេះ​ កសិករឥណ្ឌានៅតែ​បន្តធ្វើបាតុកម្ម ហើយកម្លាំងសន្តិសុខឥណ្ឌាបានដាក់បន្លាលួស នៅតាមច្រកផ្លូវចូលក្នុងរដ្ឋធានីញូវដេលី ។
សកម្មភាពខាងលើ​កើតឡើងក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ត្រៀម​ថ្លែងសុន្ទរកថា​ស្តីពី​មូលនិធីប្រចាំឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌា​​នៅមុខរដ្ឋសភា ។
នៅពេលនេះ សេវាកម្មទំនាក់ទំនងនៅជាយក្រុងត្រូវបានកាត់ផ្តាច់​​ក្នុងតំបន់ដែលមានបាតុកម្មហិង្សា​ ។ កម្លាំងសន្តិសុខឥណ្ឌា បានបង្កើនសកម្មភាពការពារនៅជុំវិញវិមានរដ្ឋសភា ​និងការិយាល័យរដ្ឋាភិបាល នៅកណ្តាលទីក្រុង ។
កាលពីថ្ងៃទី២៦ខែមករា ​ពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់​បានដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់កែទម្រង់​វិស័យកសិកម្ម​ដោយបានបំបែករបាំងការពារ ហើយចូលទៅកាន់ទីលានក្រហមប្រវត្តិសាស្ត្រនៅរដ្ឋធានីញូវដេលី ។
កន្លងមកកសិករឥណ្ឌា បានប្រើប្រាស់គ្រឿងយន្ត ក្នុងនោះមានត្រាក់ទ័ររាប់សិបពាន់គ្រឿងបើកចូលទៅកាន់ទីក្រុង ហើយក្រុមបាតុករបានប្រើត្រាក់ទ័រអូសរបងការពារ បិទផ្លូវចេញ​។
កម្លាំងប៉ូលិសបានបង្ខំប្រើប្រាស់គ្រាប់បែកផ្សែងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរារាំងការធ្វើបាតុកម្ម ។ ការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនឹង បាតុករបណ្តាលឲ្យប៉ូលិសជិត​១០០នាក់រងរបួស ចំណែកបាតុករជាច្រើនត្រូវបានចាប់ខ្លួនពាក់ព័ន្ធការប្រើហិង្សា​៕

ដោយ៖ ធី រីណា


ចែករំលែក៖