ព័ត៌មានទាន់ហេតុការណ៍៖

នារី​ភូមា​ម្នាក់​ ជា​គ្រូបង្រៀន​ហ្វឹកហាត់​រាង​កាយ ពេលនាងកំពុងរាំ​ធ្វើលំហាត់ប្រាណ​ ស្រាប់តែថតវីដេអូជាប់កងទ័ព​កំពុង​ធ្វើ​រដ្ឋប្រហារ នៅ​ពី​ខាងក្រោយ​ខ្នង​របស់​នាង(មានវីដេអូ)

ចែករំលែក៖

អន្តរជាតិ​៖​ នារី​ភូមា​ម្នាក់​ នៅពេលនាងកំពុងរាំ​ធ្វើលំហាត់ប្រាណ​ ដោយមានថតវិដេអូជាប្រចាំតាម​ចង្វាក់​បទ​ភ្លេង​របស់នាង​ ដោយមិនដឹងថា​ ថតជាប់កងទ័ព​កំពុង​ធ្វើ​រដ្ឋប្រហារ នៅ​ពី​ខាងក្រោយ​ខ្នង​របស់​នាងនោះឡេីយ។ ស្រាប់តែថ្មីៗនេះឃ្លី​ប​វី​ដេ​អូ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​លេច​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បង្ហាញ​ពី​ពេល​ដែល​យោធា​កំពុង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ត្រូវ​បាន​ថត​ជាប់ដោយចៃដន្យទៅវិញ។

ជាក់ស្តែងបេីយោងតាមរយៈវីដេអូឃ្លីបខាងលេីនេះ​ បាន​បង្ហាញ​ពី​នាង Khing Hnin Wai កំពុងរាំ ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សម្រួល​ដល់​រាង​កាយ​តាម​តន្ត្រី ខណៈ​រថពាសដែក និង​ទាហាន បាន​បិទផ្លូវ នៅ​ពីក្រោយ​នាង មុន​ពេល​ក្បួន​រថយន្ត​ប៉ូ​លី​ស និង​រថយន្ត​យោធា​ ឆ្ពោះទៅកាន់​សភា ។

សូមជម្រាបថា​ នាង Khing Hnin Wai ជា​គ្រូបង្រៀន​ហ្វឹកហាត់​រាង​កាយ រស់នៅក្នុងរដ្ឋធានី​ណៃ​ពិដោ បាន​ថត​វី​ដេ​អូ នៅ​ខាងក្រៅ​អគារ​សភា របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ចន្ទ ទី​០១ កុម្ភៈ ២០២១ ដោយ​មិន​បានដឹង​ថា រដ្ឋាភិបាល​ត្រូវ​បាន​ផ្តួលរំលំ និង​កងទ័ព​កំពុង​ធ្វើ​រដ្ឋប្រហារ នៅ​ពី​ខាងក្រោយ​ខ្នង​របស់​នាង​ឡើយ ។

ក្រោយមកនារីភូមារូបនេះ​ បាន​បង្ហោះ​វី​ដេ​អូ​ខាងលេី ទៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​នាង​តែងតែ​បង្ហោះ​វី​ដេ​អូ​ បង្រៀន​រាំ ដើម្បី​ចែករំលែក​ដល់​អ្នកគាំទ្រ​របស់​នាង ដោយមិនចាប់អារម្មណ៍នោះទេ។ ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​អ៉ីន​ធេី​ណេ​ត​មួយ​ចំនួន បាន​ហៅ​វី​ដេ​អូ​នេះ​ថា ជា​ការ​ក្លែងបន្លំ​ឲ្យ​មើលទៅ​ដូច​ជា​ការ​ពិត ។​ ប៉ុន្តែបន្ទាប់ពីមាន​មតិ​ថា ជា​វី​ដេ​អូ​ក្លែងបន្លំ រូប​នាង​បាន​ពន្យល់​ថា កន្លង​មក រូប​នាង​បាន​ប្រើប្រាស់​អគារ​សភា ជាទី​កន្លែង​សម្រាប់​ថត​វី​ដេ​អូ​ បង្រៀន​រាំ​ហាត់ប្រាណ អស់​រយៈពេល​១១​ខែ មក​ហើយ ។

នាង​ Wai បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​បង្ហោះ​នោះនាង​ដឹង​ថា មាន​អ្វីមួយ​កំពុង​កើតឡើង​នៅ​ពីក្រោយ​ខ្នង​នាង ប៉ុន្តែ​នាង​មិនប្រាកដទេ ទើបតែ​ដឹង​អត្ថន័យ​ច្បាស់​ថា​មាន​រដ្ឋប្រហារ នៅ​ពេល​ដែល​នាង​ចាក់​មើល​ឡើង​វិញ​នៅ​ពេល​ក្រោយប៉ុណ្ណោះ ។

ដោយឡែកជុំវិញករណីនេះដែរអ្នកខ្លះ បាន​ចង្អុលបង្ហាញ​ថា បទ​ចម្រៀង​ដែល​នាង​កំពុង​រាំ គឺ​ហៅ​ថា AMPUN BANG JAGO ដែល​ជា​ឃ្លា​ឥណ្ឌូ​នេ​ស៊ី ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ចំអក​ដល់​មេដឹកនាំ​យោធា​ណា​ ដែល​ក្រអឺតក្រទម ។

ចំណែក​អ្នក​ប្រើប្រាស់បណ្ដាញសង្គម បាន​លើក​ឡើង​ទៀត​ថា នាង​ Wai ប្រហែលជា​សង្ស័យ​អ្វី​ដែល​កំពុង​កើតឡើង​ហើយ ទើប​នាង​រាំ​ធ្វើ​លំ​ហាត់ប្រាណ ជាមួយ​ជម្រើស​បទ​មួយ​នេះ។​ ប៉ុន្តែ​នាង បាន​បដិសេធ​យ៉ាង​ដាច់ខាត ចំពោះ​ការ​លើក​ឡើង​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​នាង​អះអាង​ថា រូប​នាង​មិន​បាន​បង្ហោះ​វី​ដេ​អូ ជា​ការ​សើចចំអក ឬ​ដើម្បី​ក្លាយជា​តារា​ល្បី​នោះ​ទេ ។

ជាមួយគ្នានេះ​ គ្រូបង្រៀន​ហ្វឹកហាត់​រាង​កាយរូបនេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​បង្ហោះ​វី​ដេ​អូ​នេះ ពីព្រោះ​ខ្ញុំ​គិតតែ​ពី​ជំនួញ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​” ។

សូមរម្លឹកដែរថា បន្ទាប់ពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា​ កាលពីថ្ងៃចន្ទទី១​ កុម្ភៈ បានចាប់ឃុំខ្លួន លោកស្រី អោងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា​ ហើយអំណាចទាំងអស់ត្រូវបានផ្ទេរឲ្យទៅ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ។

ដោយឡែកបើតាមការអះអាងពីយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការធ្វើបែបនេះគឺឆ្លើយតបចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបោះឆ្នោតគ្មានតម្លាភាពកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕

ដោយ៖សហការី


ចែករំលែក៖