ភ្នំពេញ៖ បុរសស្ត្រី២នាក់ជិះម៉ូតូឌុបគ្នា ចេញពីធ្វើការរួចហើយចូលហូបអីបន្តិចបន្តួច ទើបបន្តដំណើរទៅផ្ទះវិញ ខណៈនោះស្រាប់តែមានបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលជិះម៉ូតូដេញតាមពីក្រោយមកធាក់លើជនរងគ្រោះ រួចដកកាំភ្លើងខ្លីគំរាមបាញ់ប្រហារបណ្ដាលឱ្យផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះមកឃាត់ខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង១០និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច មិនចាំស្លាកលេខ ឌុបគ្នាចេញពីធ្វើការនៅម្តុំសួនកាណាឌីយ៉ា រួចចូលហូបអីបន្តិចបន្តួចនៅផ្លូវជិតវត្តអង្គតាមិញ។ ពេលហូបរួចហើយពួកគាត់បាននាំគ្នាជិះម៉ូតូចេញមកវិញក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅផ្សារព្រៃទា។ ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុជិតស្តុបទួលពង្រក៏ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលជិះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅពាក់ស្លាក លេខនគរបាល 1.2345 មកពីក្រោយហើយមិនដឹងជាមានរឿងអ្វីស្រាប់តែធាក់មកលើពួកគាត់ និងបានដកកាំភ្លើងខ្លីគំរាមទៀតផង។
ដោយមានការភ័យខ្លាចរូបគាត់បានជិះម៉ូតូរត់ចោលនារីដែលជិះជាមួយគ្នា រួចបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយនាំខ្លួនជនបង្កទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីសាកសួរ។
បន្ទាប់ពីសមត្ថកិច្ចសាកសួររួច ដោយជនរងគ្រោះសុំមិនដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីសមត្ថកិច្ចមានកាំភ្លើងដកយកមកគំរាមប្រជាពលរដ្ឋបែបនេះហើយនៅតែមិនមានបញ្ហាអ្វីទៀត ឬមួយក៏ខ្លាចថ្នាក់លើដឹងដាក់ពិន័យ?៕ ជ្រោយពេជ្រ