អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres កាលពីថ្ងៃទី ៣ខែកុម្ភៈ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់គំនាបទៅលើកម្លាំងទាហានមីយ៉ាន់ម៉ា ដើម្បីធានាថាការធ្វើរដ្ឋប្រហារមិនទទួលបានជោគជ័យនោះឡើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ការធ្វើរដ្ឋប្រហារគឺជាសកម្មភាពមិនអាចទទួលយកបានឡើយ ។ ជាមួយគ្នានេះ លោក Antonio Guterres បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ដោះលែងអ្នកនយោបាយ ហើយរៀបចំសន្តិសុខសណ្តាប់ធ្នាប់ តាមរដ្ឋធម្មនុញ្ញ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្សាយថា ក្រុមប្រឹក្សារដ្ឋបាលនៃសហភាពមីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី និងក្រុមមន្ត្រីថ្នាក់ជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការកើតមានរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អង់សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី។
កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅក្នុងរដ្ឋធានីណៃពីដោ ក្រោមការចូលរួមដោយផ្ទាល់ពីលោកអគ្គមេបញ្ជាការយោធា មីន អោង ឡាំង (Min Aung Hlaing) ព្រមទាំងរដ្ឋមន្ត្រី និងក្រុមមន្ត្រីមីយ៉ាន់ម៉ាជាច្រើនរូបទៀត ដែលទើបតែត្រូវបានតែងតាំង កាលពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោក មីន អោង ឡាំង នៅតែបញ្ជាក់ជំហរដដែលថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលត្រូវបានលួចបន្លំ។
លោក មីន អោង ឡាំង បានបន្ថែមទៀតថា ការតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន ១១រូបដោយយោធា គឺត្រូវបានធ្វើឡើងដោយផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់ពួកគេ ក្នុងការបំពេញការងារ អំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ន។
គួរបញ្ជាក់ថា ក្រោយការធ្វើរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ាបានតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន ១១រូប និងបណ្ដេញអនុរដ្ឋមន្ត្រី ២៤រូបនៃរដ្ឋាភិបាលរបស់លោកស្រី ស៊ូជី ចេញពីតំណែងភ្លាមៗ។ យោធាក៏បានសន្យាដែរថា នឹងរៀបចំការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ក្រោយការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបញ្ចប់ ហើយនឹងប្រគល់អំណាចដល់អ្នកដែលឈ្នះក្នុងការបោះឆ្នោត៕
ដោយ៖ធី រីណា(រូបភាព៖Reuters)