ខេត្តព្រះវិហារ៖ រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្តផ្តល់ជំនួយចំនួន ៥០លានដុល្លារ ដល់កម្ពុជាក្នុងមួយឆ្នាំ សម្រាប់ជួយប្រជាពលរដ្ឋជាជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។ នេះបេីតាមការលេីកឡេីងរបស់លោកឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យគម្រោងគណនេយ្យភាពសង្គម(ISAF) របស់អង្គការ ទស្សនៈពិភពលោកប្រចាំស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ខេត្ដព្រះវិហារ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១។
ជាក់ស្តែងចំពោះការលេីកឡេីងខាងលេីនេះ លោក Kang Pablo ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តផ្តល់ជំនួយ ៥០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាជនពិការ ស្ត្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិច ព្រមទាំងវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។
លោកឯកអគ្គរាជទូត បានបន្ដថា បញ្ហាសុខុមាលភាព គឺជារឿងដ៏សំខាន់ក្នុងការគិតគូរជានិច្ច ជាពិសេសក្នុងអំឡុងពេលដែលទូទាំងសកលលោកបាន និងកំពុងជួបប្រទះនូវបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើងថា រដ្ឋាភិបាល អូស្ត្រាលី ក៏បានផ្តល់ជាជំនួយឥតសំណងចំនួន ២៨លានដុល្លារអាមេរិក ដើម្បីទិញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូនអ្នករងគ្រោះ និងងាយរងគ្រោះក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកឯកអគ្គរាជទូត Kang Pablo បានបន្ថែមថា ការចុះពិនិត្យគម្រោងនេះគឺដើម្បីធ្វើការសិក្សាទៅលើការអភិវឌ្ឍគម្រោងគណនេយ្យភាពសង្គម (ISAF) បទពិសោធន៍នៃការទទួលបានសេវាផ្សេងៗ ជាពិសេសការលំបាក និងបញ្ហាប្រឈមដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះប្រចាំថ្ងៃ ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់គម្រោង ក្នុងការជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ដោយឡែកលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ នាឱកាសនោះបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងប្រជាជនអូស្ត្រាលី ដែលតែងតែផ្តល់ជាជំនួយ និងគាំទ្រដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះវិហារផ្ទាល់តែម្តង ក្នុងការកាត់បន្ថយភាពក្រីក្រ ការផ្តល់ជូននូវសុខុមាលភាពជូនប្រជាពលរដ្ឋ។
អភិបាលរងខេត្ដរូបនេះ បានបន្ដទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់ និងធ្វើការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល និងបានផ្តល់នូវការធ្វើប្រតិកម្មធនធាន និងថវិកាតាមរយៈក្រសួងមហាផ្ទៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានតម្លាភាព គណនេយ្យភាព រំកិលសេវាឱ្យខិតជិតប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីសុខុមាលភាព ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមដំបូលសុខសន្តិភាព៕
ដោយ៖សហការី