ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាល ជប៉ុនបានប្រកាសបន្តដាក់ ទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo, Kyoto, Aichi, Gifu និង Fukuoka ក្នុងភាពអាសន្នរហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ លើកលែងតែខេត្ត Tochigi ដែលត្រូវបញ្ចប់ក្នុងការដាក់អោយនៅក្នុងភាពអាសន្នត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
ការបន្តដាក់ខេត្តក្រុងទាំង១០ខាងលើ ក្នុងភាពអាសន្ន ដោយសារហេតុផលមួយចំនួនរួមមាន :
ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុននៅមានកម្រិតខ្ពស់នៅឡើយ ។
តម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺកូវីដ១៩ មានការកើនឡើងខ្ពស់។
ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសបងប្អូន ដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង០៩ខាងលើ សូមមេត្តាសហការ និងប្រតិបត្តិវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់បំផុត។ សូមបងប្អូនថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នាច្រើន រក្សាគម្លាត សុវត្ថិភាព ។ ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំង អស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺវីរុសកូវីដ-១៩ ៕
ដោយ៖សុខ ខេមរា