ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ខណៈស្រវឹងស្រាខ្លាំងបានចេញទៅមើលមងបណ្ដាលឱ្យលង់ទឹកព្រែកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមនគរបាលប៉ុស្ដិ៍ម្រាមបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ យស់ ឡូត អាយុ៥៤ឆ្នាំ មុខរបរកសិកររស់នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។
តាមក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានចេញពីផ្ទះទៅមើលមងដាក់ត្រីនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះនាវេលាម៉ោង៧ព្រឹក។
ប្រភពបន្តថា រហូតមកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ក្រុមគ្រួសារពុំឃើញជនរងគ្រោះមកផ្ទះវិញក៏បានទៅតាមរកដល់ព្រែកកន្លែងដាក់មង តែពុំឃើញមនុស្សទេឃើញតែអាវទុកនៅលើភ្លឺព្រែក។ពេលនោះពួកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ឲ្យជួយរុករកនិងចុះរាវក្នុងទឹកព្រែកបានប្រទះឃើញជនរងគ្រោះតែម្ដង។
ក្រុមគ្រួសារបានបន្តទៀតថា ស្ត្រីរងគ្រោះមុនកើតហេតុបានហូបស្រាឡើងស្រវឹងខ្លាំងទើបចេញទៅមើលមងបណ្ដាលឱ្យលង់ទឹកព្រែកតែម្ដង។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន