ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣ ឆ្នាំកន្លះ

ចែករំលែក៖

អន្តរជាតិ​៖​ ទីបំផុត​! អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី លោក Alexei Navalny ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣ ឆ្នាំកន្លះ ចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។ បន្ទាប់ពីលោក Navalny ដែលទៅព្យាបាលសារធាតុពុលនៅអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែមករា​កន្លងទៅ​ ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ខ្លួនភ្លាមៗពេលទៅដល់ព្រលានយន្តហោះក្រុងមូស្គូ។ ប្រទេសលោកខាងលិច ចេញមកប្រតិកម្មជាថ្មីប្រឆាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏ដូចជាពិចារណាដាក់ទណ្ឌកម្មបន្ថែមផងដែរ។

ជាក់ស្តែងអ្នកប្រឆាំងរដ្ឋាភិបាលរុស្ស៊ី​ លោក Alexei Navalny ក៏មុតស្រួចម្នាក់នេះ នឹងត្រូវត្រឡប់ចូលពន្ធនាគារឡើងវិញ បន្ទាប់ពីតុលាការក្រុងមូស្គូ នៅថ្ងៃទី២ ខែកុម្ភៈ បានកាត់ក្តីឱ្យអនុវត្តទោស៣ឆ្នាំកន្លះពាក់ព័ន្ធការបំពានលក្ខខណ្ឌនៅក្រៅឃុំក្នុងសំណុំរឿងបន្លំលុយ៥សែនដុល្លារ។

សូមជម្រាបថា​ ក្នុងសំណុំរឿងដែលប្រកាសសាលក្រមនៅឆ្នាំ២០១៤ លោក Navalny ត្រូវបានតុលាការអនុញ្ញាតឱ្យព្យួរទោស ដែលត្រូវបំពេញលក្ខណ្ឌមួយចំនួនដូចជាការរាយការណ៍ទៅអាជ្ញាធរឱ្យទៀងទាត់ជាដើម។ ប៉ុន្តែអង្គភាពពន្ធនាគាររុស្ស៊ី អះអាងថា លោក Navalny ដែលត្រូវបំពុលដោយសារធាតុគីមី Novichok បានរំលោភលក្ខខណ្ឌនៅក្រៅឃុំ។ លោក Navalny បកស្រាយថា លោកមិនអាចរាយការណ៍ទៅអាជ្ញាធរបានឡើយ ព្រោះត្រូវសំរាកព្យាបាលជំងឺ។ អាជ្ញាធរពន្ធនាគារ និយាយថា ការបំពានកើតឡើងមុនពេលលោក ត្រូវថ្នាំបំពុល ហើយលោក Navalnyខ្លួនឯងក៏អាចជួប និងនិយាយជាមួយអ្នកកាសែតបាន តាំងតែពីចុងខែកញ្ញាមកម្ល៉េះក្រោយពេលអស់សារធាតុពុលចេញពីខ្លួន។​ ក្រោយមកលោក Navalny បានទៅដល់រុស្ស៊ីនៅថ្ងៃទី១៧ ខែមករា ហើយត្រូវប៉ូលីសឃាត់ខ្លួនរហូតមក។

ដោយឡែកទាក់ទងការអនុវត្តទោសនេះ មេធាវីរបស់លោក Navalny លើកឡើងថា កូនក្ដី ត្រូវជាប់គុកតែ២ឆ្នាំ៨ខែប៉ុណ្ណោះ ដោយសារតែលោកធ្លាប់ស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះមួយរយៈហើយ។ មេធាវីអ្នកនយោបាយប្រឆាំងអំពើពុករលួយរូបនេះ និយាយថា នឹងប្តឹងឧទ្ធរណ៍ផងដែរ។​ ជាក់ស្តែងខណៈសវនាការកំពុងប្រព្រឹត្តទៅ អ្នកគាំទ្រលោក Navalny រាប់រយនាក់បានមកជួបជុំនៅមុខតុលាការ។ អ្នកខ្លះបានស្រែកថាលោក ពូទីន ជាចោរ និងខ្លះទៀតស្រែកថាលោក ពូទីន ជាអ្នកបំពុល។ អាជ្ញាធររុស្ស៊ីវិញ បានឃាត់ខ្លួនមនុស្សចំនួន៧០នាក់ក្នុងការតវ៉ានេះ។

គួរបញ្ជាក់ថា​ ចំពោះការសម្រេចរបស់តុលាការ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលអ្នកគាំទ្រលោក Navalny ចេញបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនរូបលោក ដែលនាំឱ្យអាជ្ញាធររុស្ស៊ីចាប់ខ្លួនបាតុករជាង៧ពាន់៥រយនាក់ ក្នុងបាតុកម្មចំនួនពីរផ្សេងៗគ្នា។ អាមេរិក អង់គ្លេស និងអឺរ៉ុប ទាមទារឱ្យរុស្ស៊ីដោះលែងលោកNavalny ជាបន្ទាន់។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីខិន ធ្លាប់បានលើកឡើងថា វ៉ាស៊ីនតោន និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត ដើម្បីចាត់វិធានការឱ្យមូស្គូទទួលខុសត្រូវចំពោះរឿងនេះ។

ដោយឡែកជុំវិញករណីនេះដែរ​ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ក្រោយតុលាការចេញសេចក្តីសម្រេច ក៏បានចាត់ទុកការកាត់ក្តីជារឿងកំសាក។ ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអង់គ្លេសវិញ ទាមទារឱ្យដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌសម្រាប់លោក Navalny បាតុករ និងអ្នកកាសែតដែលត្រូវចាប់ខ្លួនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ៕

ដោយ៖ស​ តារា(រូបភាព៖Reuters)

 


ចែករំលែក៖