ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងថៃ មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ចែករំលែក៖

ក្រុមគ្រូពេទ្យវៀតណាមដែលព្យាបាលអ្នកជំងឺកូវីដ-១៩បានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៣៧ករណី ប៉ុន្តែករណីឆ្លងថ្មីគឺស្ថិតនៅក្នុងចំណោមអ្នកធ្វើចត្តាឡីស័ក ក្នុងខេត្តហាយយឿង ។ ស្ថានភាពនៃការឆ្លងកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងដោយអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺនាពេលកន្លងមក ស្ថិតនៅក្នុងការតាមដាន។
នៅព្រឹកថ្ងៃទី ៤ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បច្ចុប្បន្នអ្នកឆ្លងថ្មី នៅខេត្តហាយយឿង បានកើនឡើងដល់ទៅ២៨៧នាក់ ។ នេះជាការឆ្លងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងសហគមន៍ចាប់តាំងពីការផ្ទុះកូវិដ-១៩ ក្នុងប្រទេសនេះ ។
ដោយឡែកនៅក្នុងប្រទេសថៃវិញនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈនេះដែរ ក៏បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៨០៩នាក់ទៀត ដោយក្នុងនោះ ៧៩៦នាក់ជាករណីឆ្លងក្នុងស្រុក និង១៣នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។
អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានគូសបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង៧៩៦នាក់នោះ អ្នកឆ្លង៧៥១នាក់ត្រូវបានធ្វើតេស្តរកឃើញនៅក្នុងសហគមន៍ដែលពួកគេរស់នៅតែម្តង ខណៈ ៤៥នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញនៅតាមមន្ទីរពេទ្យ។
គ្រាន់តែខេត្ត សាមុត សាខន មួយប៉ុណ្ណោះបានរ៉ាប់រងករណីឆ្លងថ្មីៗខាងលើនេះ រហូតដល់ទៅ ៧៨៦នាក់តែឯងទៅហើយ ដោយក្នុងនោះ៧៥០នាក់ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ (៥៤៩នាក់ជាជនជាតិមីយ៉ាន់ម៉ា និង២០១នាក់ជាជនជាតិថៃ) ខណៈ៣៦នាក់ទៀត (២៤នាក់ជាជនជាតិមីយ៉ាន់ម៉ា និង ១២នាក់ជាជនជាតិថៃ) ត្រូវបានធ្វើតេស្តរកឃើញនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានរកឃើញករណីឆ្លង COVID-19 សរុប ២២,០៥៨ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ៧៩នាក់ និង ១៤,៧៩៨នាក់ (៦៧%នៃករណីឆ្លងសរុប) បានជាសះស្បើយឡើងវិញ៕ ដោយ៖ធី រីណា

រូបភាព៖VTC NEWS


ចែករំលែក៖