ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េ ជួបគ្នាតាមទូរស័ព្ទលើកដំបូង ជាមួយប្រធានាធិបតីថ្មីអាមេរិក ឯកភាពបង្កើនសហប្រតិបត្តិការលើទំនាក់ទំនងសម្ពន្ធមិត្ត និងបញ្ហាប្រឈមសកល

ចែករំលែក៖

កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ(ខ្មែរ នៅការ៉េ News) នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្សាយឲ្យដឹងថា តាមរយៈជំនួបតាមប្រព័ន្ធទូរស័ព្ទដំបូងបង្អស់រវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងអាមេរិក លោកប្រធានាធិបតី​ មូន ជេអុីនបានបញ្ជាក់ថារូបលោក និងលោកប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ចូ បៃឌិន បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងសម្ព័ន្ធភាពទ្វេភាគី និងសហការគ្នាបន្ថែមទៀតដើម្បីជំរុញឱ្យមានសន្តិភាពតំបន់ និងលើបញ្ហាប្រឈមសាកលដទៃទៀត រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ជំនួបតាមប្រព័ន្ធទូរស័ព្ទដំបូងបង្អស់រវាងថ្នាក់ដឹកនាំទាំងពីរនេះធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍នេះ ជាលើកដំបូងចាប់តាំងពីប្រធានាធិបតី ចូ បៃឌិន ឡើងកាន់តំណែងផ្លូវការតាំងពីថ្ងៃទី២០ មករា ២០២១កន្លងមក។

ប្រធានាធិបតីមូន បានបញ្ជាក់ក្នុងទំព័របណ្តាញសង្គមរបស់ខ្លួនថា លោករីករាយក្នុងការសន្ទនាជាមួយប្រធានាធិបតី បៃឌិន ហើយកូរ៉េខាងត្បូងស្វាគមន៍ការវិលត្រឡប់របស់សហរដ្ឋអាមេរិក ចូលមកដោះស្រាយបញ្ហាប្រឈមរួមជាសាកល ដូចជាបញ្ហាកូវីដ-១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសេដ្ឋកិច្ចសាកលជាដើម។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់ពាក់ព័ន្ធទំនាក់ទំនងសម្ពន្ធមិត្ត ដែលលោកប្រធានាធិបតី មូន ជេអុីន បញ្ជាក់ថាជាទំនាក់ទំនងសម្ពន្ធមិត្តដែលផ្តោតលើគុណតម្លៃរួមគ្នា ដែលផ្តោតលើការថែរក្សាឱ្យបានសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងការដោះស្រាយបញ្ហាប្រឈមសាកល។ ក្នុងនោះដែរ ដំណោះស្រាយសម្រាប់បញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ជាប្រធានបទពិភាក្សាសម្រាប់មេដឹកនាំទាំងពីរផងដែរ។

ចាប់តាំងពីបានចូលកាន់តំណែងមក លោកប្រធានាធិបតី ចូ បៃឌិន បានជួបតាម​ទូរស័ព្ទជាមួយថ្នាក់ដឹកនាំពិភពលោកសំខាន់ៗដូចជា កាណាដា ម៉ិចសុីកូ អង់គ្លេស រុស្ស៊ី និងជប៉ុន ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖