ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាអនុវត្តន៍ឱ្យម៉ឺងម៉ាត់ទប់ស្កាត់កុំឱ្យមានការនាំចូលជំងឺកូវីដ១៩ ពីវៀតណាម និងថៃ ទៅក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឱ្យទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។
សូមបញ្ជាក់ថា , នៅមុននេះបន្តិចនារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហោះលើផេកផ្លូវការ ជាសារសំលេង រំលឹកដល់ជនរួមជាតិ ពីវិធានការទប់ស្កាត់ជំងឺ covid 19។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមប្រកាសឱ្យបណ្តាខេត្តដែលនៅជាប់ប្រទេសវៀតណាមទាំងអស់ ពីខេត្តកំពត រហូតដល់ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឱ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជនទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។ ប្រជាជនកម្ពុជា ដែលឆ្លងទៅប្រទេសវៀតណាម ក៏ត្រូវតែធ្វើចត្តាឡីស័កដោយអាជ្ញាធរវៀតណាម ដូចដែលធ្វើកន្លងទៅ។ រីឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនកម្ពុជា ដែលចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជាក៏ត្រូវតែរៀបចំធ្វើចត្តាឡីស័កផងដែរ»។

សម្តេចតេជោបន្តថា «ប្រការនេះពឹងពាក់ទាំងស្រុងទៅលើអាជ្ញាធរ អភិបាលខេត្ត ដឹកនាំការងារនេះ ជាមួយកងកម្លាំងប្រដាប់អាវុធឈរជើងបិទខ្ទប់ឱ្យខានតែបាននូវការឆ្លងតាមច្រករបៀងទាំងនៅតាមព្រំដែន និងត្រួតពិនិត្យនៅខាងក្នុងឱ្យបានម៉ត់ចត់ ហើយតម្រូវឱ្យរៀបចំតំបន់ធ្វើចត្តាឡីស័កឱ្យបានរឹងមាំបំផុត»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះ។ សម្តេចតេជោ បានបញ្ជាឱ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។

តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០២០ ដោយមិនធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «នេះជាវិធានការបន្ទាន់ ដើម្បីឆ្លើយតបជាមួយសភាពការណ៍ដែលកំពុងហ៊ុមព័ទ្ធយើងពីទិសខាងលិចព្រំដែនកម្ពុជា-ថៃ និងទិសខាងកើត គឺព្រំដែនកម្ពុជា-វៀតណាម។ ប្រសិនបើយើងមានការធ្វេសប្រហែសប្រទេសយើងនឹងមានការខ្ទេចខ្ទាំទៅដោយកូវីដ១៩ ដែលរុញច្រានពីប្រទេសថៃមកផង និងរុញច្រានពីប្រទេសវៀតណាមមកផង»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា «ខ្ញុំដាក់បញ្ជាដោយម៉ឺងម៉ាត់ឱ្យកម្លាំងប្រដាប់អាវុធ។ ជាពិសេសគឺនគរបាលការពារព្រំដែន កងទ័ពជើងគោកដែលរួមមានបណ្តាភូមិភាគជាប់ព្រំដែនវៀតណាម ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីរួមជាមួយកម្លាំងប្រដាប់អាវុធផ្សេងទៀត មានទាំងនគរបាល និងអាវុធហត្ថ ដើម្បីត្រួតពិនិត្យឱ្យបានតឹងរឹងបំផុតនៅតាមព្រំដែនកម្ពុជា -វៀតណាម»។

ក្នុងសារសំឡេងនេះ ដោយបារម្ភខ្លាចផ្ទុះបាតុភាពណាមួយនៅតាមព្រំដែនកន្លែងមិនទាន់ដាច់ស្រេចនោះ សម្តេចតេជោ បានហាមមិនឱ្យដាក់កងទ័ពទៅតំបន់ព្រំដែនដែលមិនទាន់ដាច់ស្រេចនោះឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់ថា នេះគ្រាន់តែជាការល្បាតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ប៉ុណ្ណោះ មិនមែនទៅបោះទ័ពនៅកន្លែងនេះ ឬកន្លែងនោះទេ ដើម្បីចៀសវាងនូវការភ័ន្តច្រឡំណាមួយពីសំណាក់ប្រទេសជាមិត្ត។
សូមបញ្ជាក់ថា, ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យការឆ្លងជាសហគមន៍២៩ វិច្ឆិកា ឆ្នាំ២០២០ គឺកម្ពុជាទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព។
ដូច្នេះចំពោះ ការរាលដាលកូវីដ-១៩ នៅប្រទេសថៃ និងនៅប្រទេសវៀតណាម ក្នុងសហគមន៍ គឺជាការព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើវិធានការទប់ស្កាត់។ ក្រុងលក់សម្ដេចបានពង្រឹង ឲ្យអាជ្ញាធរ នគរបាលព្រំដែន យោធា ធ្វើការទប់ស្កាត់ការឆ្លងដែន និងរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមទៀត និងសូមឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់អនុវត្តតាម ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល៕

ដោយ៖ សិលា


ចែករំលែក៖