ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោអើយ ! កូនកំលោះស្លាប់ចោលកូនក្រមុំ ពេលកំពុង ទទួលភ្ញៀវចូលពិសាអាហារ

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖  តាមពិតទៅ ! ពាក្យចាស់តែងលើកឡើងថាការស្លាប់គឺទៀង ប៉ុន្តែពេលវេលាស្លាប់វាមិនទៀង។ និយាយជារួមទៅ មនុស្សសត្វ ដែលមានជីវិតរស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាមួយ ឬសត្វណាមួយ មានជីវិតអមតៈ ជៀសផុតពីកំណែនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ។ ប៉ុន្តែហេតុការណ៍ដែលកើតឡើងនៅខេត្តកំពង់ឆ្នាំង ពិតជាគួរឲ្យរន្ធត់និងសោកស្តាយ ខណៈកូនកំលោះបានស្លាប់ចោលកូនក្រមុំ ពេលកំពុងរៀបចំខ្លួនទទួលភ្ញៀវទាំងសងខាងចូលរោងការ។ 

 ប្រជាពលរដ្ឋបាននិយាយថា ពិតជាគួរឲ្យរន្ធត់និងអាសូរមែនទែន ដែលភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ គ្រប់គ្នានឹងឃើញកូនកំលោះ កូនក្រមុំឈរទទួលភ្ញៀវនៅល្ងាចនេះ ប៉ុន្តែបែរជាកូនកំលោះស្លាប់ចោលកូនក្រមុំ ដោយមិនបានលាមួយម៉ាត់(ខ្យល់គរ) ។ ខណ:មានអការៈមិនស្រួលខ្លួន ក្រុមគ្រួសារបានព្យាយាមដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៏ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ កម្មវិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

វេលាម៉ោង ១៥:៣០នាទី សាកសព ឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា រោងការដែលនឹងត្រៀម ទទួលភ្ញៀវប្រុសស្រី ទាំងសងខាង បានក្លាយទៅជាស្ងាត់ជ្រងុំ គឺរោងការក្លាយទៅជារោងបុណ្យសព គួរឲ្យសោកសម្រែង មិននឹកស្មានដល់ថា មច្ចុរាជមកឆក់យកជីវិតកូនកំលោះក្នុងថ្ងៃមង្គលការយ៉ាងដូច្នេះសោះ៕

ដោយ៖សិលា


ចែករំលែក៖